អ៊ីស្រាអែល បានពង្រីកជំហានរបស់ខ្លួនយ៉ាងខ្លាំងនៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីបានចាប់ផ្តើមសង្គ្រាមប្រឆាំងក្រុមហាម៉ាសជាថ្មីកាលពីខែមុន។ ឥឡូវនេះខ្លួនគ្រប់គ្រងច្រើនជាង៥០% នៃផ្ទៃដីក្នុងដែនដីនេះ ហើយកំពុងបង្រួមទឹកដីរបស់ប្រជាជនប៉ាឡេស្ទីនឱ្យកាន់តែតូច ព្រមទាំងចេញបញ្ជាឲ្យពលរដ្ឋជម្លៀសចេញជាបន្តបន្ទាប់។

តំបន់ជាប់គ្នាដ៏ធំបំផុតដែលកងទ័ពគ្រប់គ្រងគឺនៅជុំវិញព្រំដែនទឹកដីហ្កាហ្សា ជាទីដែលយោធាបានបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋប៉ាឡេស្ទីន ដីស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធរហូតដល់គ្មានមនុស្សរស់នៅ នេះបើយោងតាមទាហាន និងក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល។ តំបន់ទ្រានាប់យោធានេះ បានកើនឡើងទ្វេដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្រោយការដណ្ដើមបានផ្ទៃដីជាបន្តបន្ទាប់។

ក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញតំបន់ហ្កាហ្សាបាននិយាយថា អ៊ីស្រាអែលបានពណ៌នាការក្ដោបក្តាប់យ៉ាងតឹងរបស់ខ្លួនថាជាភាពចាំបាច់បណ្ដោះអាសន្នដើម្បីដាក់សម្ពាធក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានចាប់ផ្តើមសង្គ្រាមរហូតមកដល់ពេលនេះ។ ប៉ុន្តែទឹកដីដែលអ៊ីស្រាអែលកាន់កាប់ រួមមានច្រករបៀងដែលខណ្ឌចែកទឹកដីភាគខាងជើងពីភាគខាងត្បូងរបស់ដែនដីមួយនេះ អាចត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងរយៈពេលវែង។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីសប្តាហ៍មុនថា សូម្បីតែបន្ទាប់ពីក្រុមហាម៉ាសត្រូវបានចាញ់ក៏ដោយ អ៊ីស្រាអែលនឹងរក្សាការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ហ្កាហ្សា និងរុញប្រជាជនប៉ាឡេស្ទីនឱ្យចាកចេញ។
ទាហានអ៊ីស្រាអែលប្រាំនាក់បានប្រាប់សារព័ត៌មាន AP ថា ការកម្ទេចចោលនៅជិតព្រំដែនអ៊ីស្រាអែល និងការពង្រីកជាប្រព័ន្ធនៃតំបន់ទ្រាប់នោះ បាននិងកំពុងបន្តចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម កាលពី ១៨ ខែកន្លងមកនេះ៕