យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតដំបូងលើការសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ចំនួន១៥នាក់នៅភាគខាងត្បូងតំបន់ហ្កាហ្សាកាលពីខែមុន បានបង្ហាញថា ឧបទ្ទវហេតុនេះបានកើតឡើង «ដោយសារតែគិតថាជាការគំរាមកំហែង»។

យោធានិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធហាម៉ាសចំនួន៦នាក់ខណៈកំពុងស្ថិតនៅក្នុងតំបន់ជុំវិញនោះ អំឡុងពេលឧបទ្ទវហេតុ នៅក្នុងទីក្រុងរ៉ាហ្វា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត ប៉ុន្តែ «ការស៊ើបអង្កេតបឋមបានបង្ហាញថា កងទ័ពបានបើកការបាញ់ប្រហារដោយសារតែការគម្រាមកំហែងដែលពួកគេបានគិត បន្ទាប់ពីការជួបប្រទះគ្នាកាលពីពេលមុននៅក្នុងតំបន់នេះ ហើយមនុស្សចំនួន៦ នាក់ដែលបានស្លាប់ ត្រូវបានកំណត់ថាជាក្រុមសកម្មប្រយុទ្ធហាម៉ាស។ បុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៣ ខែមីនា ហើយត្រូវបានកប់នៅក្នុងផ្នូររាក់ៗ។

ដំបូងឡើយ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការបាញ់ប្រហារ បន្ទាប់ពីរថយន្តដែលពុំមានស្លាកសម្គាល់បានចូលទៅជិតក្នុងទីងងឹត ប៉ុន្តែបានផ្លាស់ប្តូរព័ត៌មានរបស់ខ្លួនវិញ បន្ទាប់ពីវីដេអូ បង្ហាញយ៉ាងច្បាស់នូវរថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យ ដែលបានបើកភ្លើង កំពុងធ្វើដំណើរស្ថិតក្រោមការបាញ់ប្រហារ។
បន្ទាប់ពីឧបទ្ទវហេតុនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិដោយឯករាជ្យ និងបាននិយាយថា «ការកំណត់គោលដៅនៃក្បួនរថយន្តគិលានសង្គ្រោះរបស់ខ្លួន» គឺជា «ឧក្រិដ្ឋកម្មសង្គ្រាមពេញលេញ ដែលបង្ហាញពីគំរូដ៏គ្រោះថ្នាក់នៃការបំពានដដែលៗនៃច្បាប់មនុស្សធម៌អន្តរជាតិ»។