រដ្ឋមន្ត្រីទទួលបន្ទុកប្រេង លោក Hardeep Singh Puri បាននិយាយថា ប្រទេសឥណ្ឌា បានដំឡើងពន្ធអាករលើប្រេងសាំង និងប្រេងម៉ាស៊ូត ដោយមិនធ្វើឲ្យមានការចំណាយកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់ឡើយ ជាចំណាត់ការមួយដែលនឹងជំរុញការប្រមូលពន្ធរបស់រដ្ឋាភិបាលក្នុងពេលតម្លៃប្រេងពិភពលោកកំពុងធ្លាក់ចុះ។ លោក Puri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការកើនឡើងពន្ធអាករនឹងត្រូវបានទទួលដោយក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈគ្រប់គ្រងដោយរដ្ឋ។

លោកបាននិយាយថា ការប្រមូលពន្ធកាន់តែខ្ពស់ពីក្រុមហ៊ុនរដ្ឋ និងអ្នកលក់រាយប្រេងឥន្ធនៈឯកជន នឹងជួយឱ្យទីក្រុងញូវឌេលី ផ្តល់សំណងដោយផ្នែកដល់ក្រុមហ៊ុនរដ្ឋដែលបានបាត់បង់ប្រាក់ចំណូលចំនួន ៤,៨៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ លើការលក់ឧស្ម័នចម្អិនអាហារក្នុងស្រុកក្រោមអត្រាទីផ្សារ។

តម្លៃប្រេងសកលបានធ្លាក់ចុះជិត ៤% កាលពីថ្ងៃចន្ទ ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានធ្វើឱ្យមានការព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចដែលនឹងកាត់បន្ថយតម្រូវការសម្រាប់ប្រេងឆៅ ខណៈអង្គការ OPECបូក ត្រៀមជាស្រេចនូវការបង្កើនការផ្គត់ផ្គង់។