ប្រទេសម៉ាលី កាលពីថ្ងៃចន្ទ បានប្រកាសពីការសម្រេចចិត្តបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះស៊ីវិល និងយោធាទាំងអស់ ដែលធ្វើដំណើរទៅនិងមកពីប្រទេសអាល់ហ្សេរី ដោយចូលជាធរមានភ្លាមៗ និងរហូតដល់មានការជូនដំណឹងបន្ថែមខណៈភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រទេសអាល់ហ្សេរី បានបាញ់ទម្លាក់យានដ្រូនរបស់ប្រទេសម៉ាលី។

ក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធប្រទេសម៉ាលី បាននិយាយថា ចំណាត់ការនេះគឺដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រទេសអាល់ហ្សេរី ក្នុងសកម្មភាពដូចគ្នា ដោយថ្កោលទោសប្រទេសអាល់ហ្សេរី ចំពោះ «ការបន្តគាំទ្រភេរវកម្មអន្តរជាតិ»។
ក្រសួងការពារជាតិរបស់ប្រទេសអាល់ហ្សេរី បានសម្រេចហាមឃាត់រាល់ការធ្វើចរាចរណ៍ផ្លូវអាកាសទាំងអស់រវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃច័ន្ទ ដោយលើកឡើងពី «ការរំលោភដែនអាកាសដដែលៗ» ធ្វើឡើងដោយប្រទេសម៉ាលី។

កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសប្រទេសអាល់ហ្សេរី ក៏បានប្រកាសពីការកោះហៅមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសម៉ាលី និងប្រទេសនីហ្សេ និងបានពន្យារពេលនៃការដាក់ពង្រាយឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំនៅប្រទេសប៊ូគីណាហ្វាសូ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសម៉ាលី និងអាល់ហ្សេរី មានភាពតានតឹង ដោយប្រទេសម៉ាលី បានចោទប្រកាន់អាល់ហ្សេរីម្តងហើយម្តងទៀតថា «កំពុងគាំទ្រក្រុមភេរវករនៅតាមព្រំដែនរួមរបស់ពួកគេ»។