វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅតែគាំទ្រគំនិតនៃបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីពុំទាន់ត្រូវបានផ្តល់ចម្លើយនៅឡើយទេចំពោះសំណួរសំខាន់ៗអំពីបទឈប់បាញ់ ដែលស្នើឡើងដោយរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ។

លោក Trump ដែលនិយាយថារូបលោកចង់ឲ្យខ្លួនត្រូវបានគេចងចាំក្នុងនាមអ្នកបង្កើតសន្តិភាពបាននិយាយដដែលៗ ថាលោកចង់ឱ្យជម្លោះរយៈពេលបីឆ្នាំនៅអ៊ុយក្រែនបញ្ចប់ហើយបានព្រមានអំពីហានិភ័យដែលអាចរីករាលដាលទៅជាសង្រ្គាមពិភពលោករវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី។

លោក Putin បាននិយាយកាលពីខែមុនថា រុស្ស៊ី បានគាំទ្រសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនជាគោលការណ៍ ប៉ុន្តែការប្រយុទ្ធគ្នាមិនអាចផ្អាកបានទេ រហូតដល់លក្ខខណ្ឌសំខាន់ៗមួយចំនួនត្រូវបានដោះស្រាយ ឬបញ្ជាក់ឱ្យច្បាស់លាស់។
វិមានក្រឹមឡាំងបាននិយាយថា សំណួរទាំងនោះ មិនទាន់មានចម្លើយនៅឡើយទេ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែដោះស្រាយនូវអ្វីដែលទីក្រុងមូស្គូមើលឃើញថាជាឫសគល់នៃជម្លោះ ពិសេសជម្លោះមើលមុខគ្នាលែងចំ រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញអនាគតរបស់អ៊ុយក្រែន និងការពង្រីកខ្លួនរបស់អង្គការសម្ព័ន្ធយោធាណាតូឆ្ពោះទៅព្រំដែនរុស្ស៊ី ក្រោយការដួលរលំសហភាពសូវៀត៕