ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សាថ្មីដ៏ធំមួយបានបន្ថែមលើភស្តុតាងជាច្រើន ដែលថា ជំងឺទឹកនោមផ្អែមរបស់មាតាក្នុងអំឡុងពេលមានផ្ទៃពោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកំណើនហានិភ័យនៃបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទចំពោះកូន រួមទាំងជំងឺអូទីហ្សឹមផងដែរ។

សំណួរថា តើជំងឺទឹកនោមផ្អែមពិតជាបណ្តាលឱ្យមានបញ្ហាទាំងនោះមែនឬយ៉ាងណា នៅតែមិនទាន់ច្បាស់នៅឡើយទេ។ ប៉ុន្តែនៅពេលម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ទារករងលទ្ធភាព ២៨% រួចទៅហើយថាអាចធ្វើរោគវិនិច្ឆ័យឃើញមានជំងឺសរសៃប្រសាទ នេះបើយោងតាមការវិភាគទិន្នន័យ ដែលប្រមូលពីការសិក្សាមុនៗ ២០២ករណី ពាក់ព័ន្ធនឹងគូម្តាយ និងកូនជាង ៥៦លានគូ។

ហានិភ័យចំពោះកូនរបស់ម្តាយដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលពរពោះ គឺមានខ្ពស់ជាង ២៥% សម្រាប់ជំងឺអូទីហ្សឹម និង ៣០% សម្រាប់ជំងឺខ្វះការផ្ចង់អារម្មណ៍ខ្លាំង ព្រមទាំង ៣២% សម្រាប់ពិការភាពផ្នែកបញ្ញាស្មារតី។ លើសពីនេះ ហានិភ័យក៏មានខ្ពស់ជាង ២០% សម្រាប់បញ្ហាទំនាក់ទំនង និង ១៧% សម្រាប់បញ្ហាចលនា ខណៈហានិភ័យ ១៦% សម្រាប់បញ្ហាក្នុងការសិក្សា ជាងកុមារដែលម្តាយមិនមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ។

ជាមួយគ្នានេះ អ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិ The Lancet នៃជំងឺទឹកនោមផ្អែម និងប្រព័ន្ធប្រាសាទថា ជំងឺទឹកនោមផ្អែមដែលកើតឡើងមុនពេលមានផ្ទៃពោះ ហាក់ដូចជាផ្តល់ហានិភ័យខ្ពស់ដល់ទៅ ៣៩% សម្រាប់ទារកដែលអាចកើតជំងឺប្រព័ន្ធប្រសាទមួយករណី ឬច្រើននេះ បើធៀបនឹងជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមអំឡុងពេលពរពោះ៕