ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ដល់រដ្ឋាភិបាល និងប្រជាជនឡាវ នឹងអាចជួយឲ្យឡាវ សម្រេចការចាក់វ៉ាក់ សាំងប្រមាណ ៥០ភាគរយដល់ពលរដ្ឋ នៅចុងឆ្នាំ២០២១នេះ ។
ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំង ៥០ម៉ឺនដូស និងរយន្តដឹកវ៉ាក់សាំង ៣គ្រឿងពីកម្ពុជា នៅ ថ្ងៃទី៣ ខែធ្នូនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៊ុនហ្វែង ភូមិម៉ាលៃស៊ីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡាវ បានលើកឡើងថា ការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់រដ្ឋាភិបាល និងប្រជាជនឡាវនេះ គឺជាការយកចិត្តទុកដាក់ និងព្រួយបារម្ភរបស់កម្ពុជា ខណៈឡាវ កំពុងជួយបញ្ហារងគ្រោះធ្ងន់ធ្ងរពីបញ្ហាកូវីដ-១៩ ហើយក៏បានបង្ហាញពីទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងនាមប្រទេសភូមិផងរបងជាប់គ្នា។
ឯកឧត្តម បានបង្ហាញនូវការជឿជាក់ថា ជំនួយនេះ នឹងអាចជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ដែលប្រទេសឡាវកំពុងប្រឈម ហើយអាចឈានដល់ការចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ ៥០ភាគរយ នៅចុងឆ្នាំនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំ ណាងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការផ្ដល់ជំនួយនេះ គឺជាការចូលរួមរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ ហើយបានបង្ហាញពីការយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមកក្នុងនាមប្រទេសភូមិផងរបងជាប់គ្នា។
ឯកឧត្តម បានបន្ថែមថា តាមរយៈជំនួយនេះ នឹងធ្វើឲ្យទំនាក់ទំនងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែរីកចម្រើនរឹងមាំ នាំមកនូវសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជានិរន្ត ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និងរួមចំណែកផងដែរ ក្នុងការអភិវឌ្ឍនៅក្នុងតំបន់។
នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយដល់ប្រទេសឡាវ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលលើកទី១. មានដូចជា ម៉ាស់ អាល់កុល សម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត។ លើកទី២. វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស និងលើកទី៣នេះ វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ខណៈក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា កាលពីពេលថ្មីៗនេះ ឡាវ ទទួលបានជំនួយថវិកាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន ១៣លានដុល្លារផងដែរ៕
អត្ថបទ៖ បាន សុខរិទ្ធ