កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ១៥នាក់ ក្នុងប្រតិបត្តិការពេញមួយយប់ ទៅលើទីតាំងជាច្រើន នៅ តំបន់វេសបែង(West Bank)។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចាប់ខ្លួននេះដែលបានធ្វើឡើងក្នុងអំឡុងប្រតិបត្តិការរួមគ្នា ជាមួយនគរបាលព្រំដែន ត្រូវបានធ្វើឡើង នៅក្នុងភូមិ Qalandiya និង Jalazone ក៏ដូចជាជំរំជនភៀសខ្លួន Al-Amari ដែលទាំងអស់មានទីតាំងនៅជិតទីក្រុងរ៉ាម៉ាឡា(Ramallah) ភាគខាងជើងនៃទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem) បន្ថែមពីលើទីក្រុង Hebron និង Beit Ummar នៅភាគខាងត្បូងតំបន់វេសបែង និងទីក្រុង Qalqilya និង Tulkarm នៅភាគខាងលិច។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា អាវុធចំនួន បីដើម និងប្រាក់មួយចំនួន ត្រូវបានរឹបអូស នៅក្នុងប្រតិបត្តិការ រួមជាមួយអ្នកត្រូវបានឃាត់ខ្លួន ដែលត្រូវបានប្រគល់ទៅឲ្យនគរបាលអ៊ីស្រាអែល ដោយបន្ថែមថា មិនមានអ្នកស្លាប់ក្នុងចំណោមកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលប្រតិបត្តិការនោះទេ។
កាលពីព្រឹកថ្ងៃចន្ទ កងកម្លាំង IDF បាននិយាយថា ខ្លួនបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ ដែលកំពុងគប់ដុំថ្មទៅលើផ្លូវហាយវេមួយ ក្នុងទីក្រុង Turmus Ayya។