មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមតាលីបង់ បាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានឆ្លងព្រំដែនពីប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបង្កើនសម្ពាធឲ្យពួកគេត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ។
ប្រទេសប៉ាគីស្ថានកាលពីខែមុន បានកំណត់ឱសានវាទនៅដើមខែមេសាសម្រាប់ជនជាតិអាហ្វហ្គានីស្ថានប្រហែល ៨០០.000នាក់ ដែលកាន់ប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន (ACC) ដែលចេញដោយអាជ្ញាធរប៉ាគីស្ថាន ដើម្បីចាកចេញពីប្រទេសនេះ ជាដំណាក់កាលមួយទៀត នៅក្នុងយុទ្ធនាការរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិអាហ្វហ្គានីស្ថាន។
ក្រុមគ្រួសារដែលមានរបស់របររបស់ពួកគេ បានឈរតម្រង់ជួរនៅច្រកព្រំដែនសំខាន់ៗនៃទីក្រុង Torkham នៅភាគខាងជើង និង Spin Boldak នៅភាគខាងត្បូង ដោយបានបង្ហាញនូវទិដ្ឋភាពស្រដៀងគ្នា ក្នុងឆ្នាំ ២០២៣ នៅពេលដែលជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីការគំរាមកំហែងនៃការនិរទេស នៅក្នុងប្រទេសប៉ាគីស្ថាន។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃចន្ទថា៖«ក្នុងរយៈពេល ២ថ្ងៃ ចុងក្រោយនេះ អ្នកប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន (ACC) ដែលគ្មានឯកសារចំនួន ៨.០២៥ នាក់ បានត្រឡប់មកវិញ តាមច្រកឆ្លងកាត់ Torkham និង ច្រក Spin Boldak»។
អង្គការនេះ បាននិយាយថា៖«IOM ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការឆ្លើយតបរបស់ខ្លួន នៅចំណុចព្រំដែនសំខាន់ៗ ជាមួយនឹងការត្រឡប់មកវិញដោយបង្ខំដែលរំពឹងថា នឹងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។