និស្សិតបង់ក្លាដែសរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវនានានៃក្រុងដាកា កាលពីថ្ងៃចន្ទ ដើម្បីអំពាវនាវឲ្យបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយចូលរួមក្នុងការធ្វើកូដកម្មសកល ក្នុងការរួមសាមគ្គី ជាមួយប៉ាឡេស្ទីន។
ក្រុមបាតុករនិស្សិត មិនចូលរៀន ហើយបានប្រមូលផ្តុំគ្នា នៅផ្នែកផ្សេងៗនៃរដ្ឋធានីនេះ ពេញមួយថ្ងៃ ជាមួយនឹងការប្រមូលផ្តុំដ៏ធំបំផុត នៅសាកលវិទ្យាល័យ Dhaka ដែលជាស្ថាប័នឧត្តមសិក្សាដ៏ធំ និងចំណាស់ជាងគេរបស់ប្រទេសបង់ក្លាដែស។
លោក Mostafa Mushfiq និស្សិតផ្នែកនរវិទ្យានៃសាកលវិទ្យាល័យ Dhaka បានប្រាប់សារព័ត៌មាន Arab News ថា៖«យើងកំពុងសង្កេតមើលកូដកម្មនៅថ្ងៃនេះ ដែលជាផ្នែកមួយនៃការអំពាវនាវឲ្យមានសាមគ្គីភាពជាសកល ជាមួយប្រជាជនប៉ាឡេស្ទីន»។
«យើងចង់បង្ហាញដល់មនុស្សគ្រប់គ្នាថា និស្សិតទាំងអសនិងមនុស្សទាំងអស់ ដែលមានវិជ្ជាជីវៈខុសៗគ្នា និងមកពីថ្នាក់រៀនផ្សេងៗគ្នា បានរួបរួមគ្នាប្រឆាំងនឹងការសម្លាប់រង្គាល នៅតំបន់ហ្កាហ្សា»។
ការអំពាវនាវឲ្យមានការតវ៉ាជាសកលសម្រាប់តំបន់ហ្កាហ្សា បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានបំពាន ជាឯកតោភាគីលើកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ១៨ ខែមីនា ដោយបានចាប់ផ្តើមការវាយប្រហារតាមអាកាសយ៉ាងសាហាវ ដែលបានសម្លាប់មនុស្សជាង ១.៣០០នាក់ ចាប់តាំងពីពេលនោះមក។