ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូន លើ «គោលដៅយោធា» នៅក្នុងទីក្រុង Tel Aviv របស់អ៊ីស្រាអែល និងបានបាញ់មីស៊ីលតម្រង់គោលដៅ ទៅលើនាវាចម្បាំងអាមេរិក ពីរគ្រឿង នៅក្នុងសមុទ្រក្រហម។
អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ al-Masirah TV ថា៖«យើងបានធ្វើប្រតិបត្តិការប្រឆាំងនឹងគោលដៅយោធា នៅទីក្រុង Tel Aviv ដោយប្រើយានដ្រូន Jaffa»។
លោក Sarea បានបន្ថែមថា៖«កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរបស់យើង ក៏បានធ្វើប្រតិបត្តិការយោធារួមគ្នាមួយ ដោយកំណត់គោលដៅទៅលើនាវាពិឃាតអាមេរិក ពីរគ្រឿង នៅក្នុងសមុទ្រក្រហម ជាមួយនឹងមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ និងយានដ្រូន។
លោកបានអះអាងថា ការវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក គឺ «ជាការឆ្លើយតបទៅនឹងការឈ្លានពាន និងឧក្រិដ្ឋកម្មរបស់សហរដ្ឋអាមេរិក ដែលកំពុងបន្តប្រឆាំងនឹងប្រជាជនយេម៉ែន» ដោយនិយាយសំដៅដល់ការវាយប្រហារតាមអាកាសចុងក្រោយរបស់សហរដ្ឋអាមេរិក ទៅលើផ្ទះមួយខ្នង នៅក្នុងទីក្រុង Sanaa កាលពីយប់ថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និង ជាង ២០នាក់ រងរបួស ក្នុងនោះមានស្ត្រី ១១នាក់ និងកុមារ។
លោក Sarea បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក នឹងមិនរារាំងក្រុមនេះពីការគាំទ្រប្រជាជនប៉ាឡេស្ទីននោះទេ ដោយបានប្តេជ្ញាថា ប្រតិបត្តិការរបស់ខ្លួន នឹងមិនបញ្ឈប់ឡើយ រហូតដល់ «ការឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបញ្ឈប់ ហើយការឡោមព័ទ្ធតំបន់ ត្រូវបានដកចេញទាំងស្រុង។