អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណុម ហ្គឺប្រ៊ីយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា ជំងឺរាតត្បាតមួយទៀតមិនយូរមិនឆាប់ នឹងកើតឡើង ហើយនេះមិនមែនជា «ហានិភ័យតាមទ្រឹស្តី»ទេ ប៉ុន្តែជា «ភាពប្រាកដប្រជានៃរោគរាតត្បាត»។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី ១៣ នៃស្ថាប័នចរចាអន្តររដ្ឋាភិបាលស្តីពីកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក លោកបានរំលឹកឡើងវិញពីផលវិបាកធ្ងន់ធ្ងរនៃការរាតត្បាតនៃ COVID-19 នៅទូទាំងពិភពលោក ដោយសង្កត់ធ្ងន់ថា «ជំងឺរាតត្បាតបន្ទាប់ នឹងមិនរង់ចាំ រហូតដល់អ្វីៗគ្រប់យ៉ាង ស្ងប់ស្ងាត់ទៅវិញទេ»។
យោងតាមប្រធានអង្គការសុខភាពពិភពលោករូបនេះ បានឲ្យដឹងថា ការកើតឡើងនៃជំងឺរាតត្បាតនេះ មិនមែនជាហានិភ័យតាមទ្រឹស្តីទេ វាគឺជាភាពប្រាកដប្រជានៃរោគរាតត្បាត។ លោកបានបញ្ជាក់ឡើងវិញថា ជំងឺរាតត្បាតមួយផ្សេងទៀត «អាចកើតឡើង ក្នុងរយៈពេល ២០ឆ្នាំ ឬលើសពីនេះ ឬ វាអាចកើតឡើងនៅថ្ងៃស្អែក ក៏ថាបាន ។ លោក ហ្គឺប្រ៊ីយេស៊ូស អះអាងថា៖ «ប៉ុន្តែជំងឺរាតត្បាតថ្មី នឹងកើតឡើង ហើយតាមវិធីណាក៏ដោយ យើងចំាបាច់ត្រូវតែត្រៀមខ្លួន»។
លោកបានលើកឡើងថា៖«អ្នកបានឃើញនូវអ្វី ដែលជំងឺរាតត្បាត COVID-19 បានបង្កឲ្យកើតមានឡើងនោះ ។ ជាផ្លូវការ មនុស្ស ៧លាននាក់ ត្រូវបានសម្លាប់ ប៉ុន្តែយើងប៉ាន់ស្មានចំនួនអ្នកស្លាប់ពិតប្រាកដថាមានចំនួន ២០លាននាក់ ហើយជាការបន្ថែមពីលើការបាត់បង់មនុស្ស ជំងឺរាតត្បាតនេះ បានបំផ្លាញសេដ្ឋកិច្ចពិភពលោក ជាង ១០សែនកោដិដុល្លារ»។
លោកប្រធានអង្គការសុខភាពពិភពលោក បានសម្តែងក្តីសង្ឃឹមថា ការឯកភាពគ្នា អាចឈានដល់ក្នុងអំឡុងពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក។ លោកបានធានាថា «កិច្ចព្រមព្រៀងនេះ នឹងមិនបំពានលើអធិបតេយ្យភាពរបស់រដ្ឋសមាជិកណាមួយឡើយ។ ជាការពិត កិច្ចព្រមព្រៀងនេះ នឹងពង្រឹងអធិបតេយ្យភាពជាតិ និងសកម្មភាពអន្តរជាតិ»។