យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ នៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្សម្នាក់ ដោយយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបាន«សម្លាប់» មេបញ្ជាការក្រុមហេសបូឡាម្នាក់។
ការវាយប្រហារនេះ បានធ្វើឡើង ដោយយានដូ្រនរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅទៅលើហាងជួសជុលម៉ូតូមួយកន្លែង នៅក្នុងទីក្រុងជាប់ព្រំដែន Taybeh ដោយអ៊ីស្រាអែលអះអាងថា បានវាយប្រហារលើ «មេបញ្ជាការម្នាក់ នៅក្នុងទីតាំងកាំភ្លើងធំរបស់ក្រុមហេសបូឡា។
ប្រភពសន្តិសុខរបស់ប្រទេសលីបង់ បាននិយាយថា ការវាយប្រហារនេះ បានផ្តោតទៅលើ «ម៉ូតូមួយគ្រឿង ខណៈពេលដែលអ្នកជិះម៉ូតូនេះ បានឈប់នៅមុខហាងជួសជុលម៉ូតូមួយកន្លែង នៅលើផ្លូវ Taybeh-Adaisseh បណ្តាលឲ្យគាត់ស្លាប់ និងអគ្គិភ័យ បានឆាបឆេះហាងជួសជុលម៉ូតូនេះ។
ក្រោយមក ក្រុមហេសបូឡា បានកំណត់អត្តសញ្ញាណបុរស ដែលបានស្លាប់នោះថា Mohammed Adnan Mansour។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រុមហេសបូឡា មានគោលបំណងដកក្រុមយុទ្ធជនរបស់ខ្លួន ចេញពីភាគខាងត្បូងនៃទន្លេ Litani និងរុះរើហេដ្ឋារចនាសម្ព័ន្ធយោធាដែលនៅសល់ នៅទីនោះ។
ស្រាអែលត្រូវដកកងកម្លាំងរបស់ខ្លួនទាំងអស់ចេញពីភាគខាងត្បូងលីបង់ ប៉ុន្តែបន្តកាន់កាប់ទីតាំងឈរជើងចំនួន ៥ ដែលខ្លួនចាត់ទុកថា «ជាទីតាំងយុទ្ធសាស្ត្រ»។
ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំរុញទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យដកកងកម្លាំងចេញពីចំណុចព្រំដែនទាំង ៥ ដោយនិយាយថា វត្តមានកងទ័ពដែលកំពុងបន្តនេះ «ធ្វើឲ្យស្ថានភាព កាន់តែមានភាពស្មុកស្មាញ»។