រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នឹងធ្វើការចរចាដោយប្រយោល នៅប្រទេស អូម៉ង់ នៅថ្ងៃទី ១២ ខែមេសា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នា នៅប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ដោយប្រយោល»។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសរសេរថា៖«នេះគឺជាឱកាសមួយ ហើយក៏ដូចការសាកល្បងមួយដែរ។ «គ្រាប់បាល់នេះ គឺស្ថិតនៅក្នុងដៃរបស់អាមេរិក»។
កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកបានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយស្នើឲ្យមានការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ បានបដិសេធគំនិតនៃការសន្ទនាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបានបង្ហាញថា ការចរចាអាចត្រូវបានបន្ត តាមរយៈអ្នកសម្រប សម្រួល។
នៅថ្ងៃទី ៣០ ខែមីនា លោក ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែមលើអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរ បរាជ័យ។ លោកក៏បានព្រមានអ៊ីរ៉ង់អំពីការទម្លាក់គ្រាប់បែក ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធកិច្ចព្រមព្រៀងនោះ។ ជាការឆ្លើយតប លោក Khamenei បានសម្តែងការមន្ទិលសង្ស័យអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាដោយសហរដ្ឋអាមេរិក ប៉ុន្តែបានព្រមានថា ការប៉ុនប៉ងណាមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីញុះញង់ឲ្យមានចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា។
កាលពីថ្ងៃទី ០៧ ខែមេសា លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននិងកំពុងធ្វើការពិគ្រោះយោបល់ដោយផ្ទាល់ ដែលនឹងបន្តនៅថ្ងៃសៅរ៍ គឺជិតឈានដល់«កម្រិតខ្ពស់បំផុត»ហើយ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។