អវកាសយានិក Jonny Kim របស់អង្គការ NASA និងអវកាសយានិករុស្ស៊ី ២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនដោយជោគជ័យទៅកាន់ស្ថានីយអវកាសអន្តរជាតិ(ISS)នាថ្ងៃអង្គារនេះ នៅលើយានអវកាសរុស្ស៊ី ។
យានចម្លង Soyuz បានហោះឡើងតាមកាលកំណត់ចេញពីទីតាំងបាញ់បង្ហោះយានអវកាស Baikonur ជួលដោយរុស្ស៊ី ស្ថិតក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីបញ្ជូនយានអវកាស Soyuz MS-27 ដឹកអវកាសយានិក ៣រូបទៅកាន់គន្លងតារាវិថី ។ ពួកគេត្រូវបានកំណត់ឲ្យចូលចតក្នុងស្ថានីយអវកាស ISS នៅរយៈពេលជាង ៣ម៉ោងក្រោយមក ។
លោក Kim និងអវកាសយានិក Sergey Ryzhikov ហើយនិងអវកាសយានិក Alexey Zubritsky របស់រុស្ស៊ី ត្រូវបានតម្រូវឲ្យចំណាយពេលប្រហែល ៨ខែនៅស្ថានីយអវកាសអន្តរជាតិ ។
អង្គការ NASA និយាយថា លោក Kimនឹងធ្វើការស៊ើបអង្កេតវិទ្យាសាស្រ្ត និងធ្វើនិទស្សន៍បច្ចេកវិទ្យា ដើម្បីជួយរៀបចំអវកាសយានិកសម្រាប់បេសកកម្មអវកាសនាពេលអនាគត ហើយនិងផ្តល់អត្ថប្រយោជន៍ដល់មនុស្សនៅលើផែនដី ។
មានដើមកំណើតជាអ្នកស្រុកមកពីទីក្រុង Los Angeles លោក Kimគឺជាមេបញ្ចាការរងកងទ័ពជើងទឹក ជាអាកាសយានិកកងទ័ពជើងទឹក និងជាអ្នកជំនាញវេជ្ជសាស្រ្តហោះហើរ ។
លោក Kim, Ryzhikov និងលោក Zubritsky នឹងចូលរួមការងារជាមួយអវកាសយានិក Don Pettit, Anne McClain និង Nichole Ayers របស់អង្គការ NASA អវកាសយានិក Takuya Onishi របស់ទីភ្នាក់ងាររុករកទីអវកាសជប៉ុន អវកាសយានិក Alexey Ovchinin, Ivan Vagner និងអវកាសយានិក Kirill Peskov របស់រុស្ស៊ី នៅស្ថានីយអវកាស ISS ៕

