ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ចិនមួយចំនួន នៅថ្ងៃអង្គារ (ទី៨ ខែមេសា) បានប្តេជ្ញាបង្កើនការវិនិយោគលើភាគហ៊ុន ខណៈដែលក្រុមហ៊ុនចុះបញ្ជីជាច្រើន បានប្រកាសពីការទិញភាគហ៊ុនមកវិញ ស្របពេលដែលទីក្រុងប៉េកាំង បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យទីផ្សារភាគហ៊ុនមានលំនឹង បន្ទាប់ពីក្រឡាប់ចាក់ដោយសារវិបត្តិដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
ការប្រកាសរបស់ក្រុមហ៊ុន China Chengtong Holdings Group និង China Reform Holdings កើតមានឡើងមួយថ្ងៃបន្ទាប់ពីមូលនិធិរដ្ឋ Central Huijin បានឲ្យដឹងថា ខ្លួននឹងបង្កើនការកាន់កាប់ភាគហ៊ុន ដើម្បីជួយឲ្យទីផ្សារមានស្ថិរភាព។

សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសចិន បានហក់ឡើងអំឡុងការជូញដូរដំបូង នៅថ្ងៃទី៨ ខែមេសានេះ ដោយឡើងពីកម្រិតធ្លាក់ចុះ ៧ភាគរយ កាលពីថ្ងៃទី៧ ខែមេសា ដែលត្រូវបានជំរុញដោយសង្រ្គាមពាណិជ្ជកម្ម និងក្ដីបារម្ភពីការមានឱនភាពសេដ្ឋកិច្ចសកល។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន បានដាក់ពន្ធបន្ថែមចំនួន ៣៤ភាគរយលើប្រទេសចិនដែលបន្ទាប់មកបានតបតវិញជាមួយនឹងកម្រិតពន្ធផ្ទាល់ខ្លួន ៣៤ភាគរយលើការនាំចូលរបស់សហរដ្ឋអាមេរិក។
ក្រុមហុន Chengtong បានឲ្យដឹងថា អង្គភាពវិនិយោគរបស់ខ្លួន នឹងបង្កើនការកាន់កាប់ភាគហ៊ុន និងមូលនិធិជូញដូរប្តូរប្រាក់ (ETFs) ដើម្បីការពារស្ថិរភាពរបស់ទីផ្សារ៕

