ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយ លោក លូ វ័យ (Lu Wei) ប្រធានក្រុមហ៊ុន អង្គរ អ៊ិនធើណេសណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ខូអិលធីឌី និងគណៈប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។
ចំពោះការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស។
បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សារួមគ្នាពីកសិផលដែលអាចនាំចេញបានតាមជើងយន្តហោះ មានតម្លៃខ្ពស់ និងទទួលបានផលចំនេញទាំងអស់គ្នា៕
អត្ថបទ៖ ឈិត បូរ៉ាវី







