អាហ្វ្រិកខាងត្បូង៖ ប្រទេសអាហ្វ្រិកខាងត្បូងបានពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 របស់ខ្លួនដោយដាក់ទីតាំងចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលផ្សារទំនើប និងមជ្ឈមណ្ឌលដឹកជញ្ជូន ដើម្បីទប់ស្កាត់ការកើនឡើងឆាប់រហ័សនៃករណីថ្មីមួយសប្ដាហ៍ បន្ទាប់ពីការរកឃើញវីរុសបម្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេស។

ខេត្ត Gauteng ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស ជាចំណុចក្តៅសម្រាប់ករណីឆ្លងដែលមានជាង ៧០% នៃករណីថ្មី។ លោក David Makhura រដ្ឋមន្ត្រីខេត្ត Gauteng បាននិយាយថា ខេត្តកំពុងបង្កើនគ្រែនៅមន្ទីរពេទ្យ និងបើកមន្ទីរពេទ្យតាមតំបន់មួយចំនួនឡើងវិញ ក្នុងការប្រមើលមើលពីការកើនឡើងចំនួនអ្នកជំងឺ COVID-19។ ការធ្វើតេស្តបង្ហាញថា វីរុសបម្លែងថ្មី Omicron កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តចំនួន ៥ ក្នុងចំណោមខេត្តចំនួន ៩ របស់ប្រទេសអាហ្វ្រិកខាងត្បូង។ វានៅមិនទាន់បានគេដឹងថា តើមានប៉ុន្មានករណីថ្មីជាវីរុសបប្លែងខ្លួនថ្មី Omicron នោះទេ។ ទោះជាយ៉ាងណាវាហាក់ដូចជាថា វីរុសបម្លែងខ្លួនថ្មីក្លាយជាវីរុសលេចធ្លោកើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមសេចក្ដីថ្លែងការណ៍ដែលចេញដោយវិទ្យាស្ថានជាតិ សម្រាប់ជំងឺឆ្លងបាននិយាយថា ៧៤% នៃការធ្វើសំណាក ២៤៩នាក់ដែលត្រូវបានធ្វើតេស្តកាលពីខែវិច្ឆិកាត្រូវរកឃើញជាវីរុសបំប្លែងខ្លួនថ្មី Omicron ហើយករណីឆ្លងវីរុស COVID-19 បានកើនឡើងទ្វេដងពីជាង ៤ពាន់ករណីកាលពីថ្ងៃអង្គារដល់ជាង ៨ពាន់ករណីកាលពីថ្ងៃពុធ។ យោងតាមទីភ្នាក់ងារសុខភាពអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា ទីភ្នាក់ងារបានពិនិត្យឃើញការប្រឈមនៃការឆ្លងឡើងវិញនៃវីរុស Covid-19 បម្លែងខ្លួនថ្មី Omicron ខ្ពស់ជាងវីរុស Delta និង Beta រហូតដល់ ៣ដង៕
អត្ថបទ៖ ប៊ុនថន