ដោយដកស្រង់សម្ដីពីបុគ្គល ២រូបដែលដឹងពីបញ្ហានេះ សារព័ត៌មាន Washington Post (WP) បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី៧ ខែមេសា) ថា មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla គឺលោក Elon Musk បានអំពាវនាវដោយផ្ទាល់ តែមិនទាន់បានជោគជ័យ ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីឲ្យការប្រែប្រែវិធានការដំឡើងពន្ធ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
របាយការណ៍បានឲ្យដឹងថា ការផ្លាស់ប្តូរនេះ បង្ហាញពីការខ្វែងគំនិតគ្នារបស់ឥស្សរជនល្បីល្បាញបំផុត ២រូប គឺលោកប្រធានាធិបតី និងលោក Musk។ ការអំពាវនាវនោះធ្វើកើតមានឡោះងបន្ទាប់ពីការប្រកាសរបស់លោក Trump អំពីពន្ធមូលដ្ឋាន ១០ភាគរយលើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ក្នុងនោះរួមជាមួយនឹងពន្ធកាន់តែខ្ពស់លើប្រទេសរាប់សិបផ្សេងទៀតផងដែរ។
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ ទាំងសេតវិមាន និងលោក Musk មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ។ ក្នុងនាមជាទីប្រឹក្សារបស់លោក Trump លោក Musk ដែលបាននិងកំពុងធ្វើការលុបបំបាត់ការចំណាយសាធារណៈយ៉ាងខ្ជះខ្ជាយរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានកម្រិតពន្ធសូន្យ រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងអំឡុងពេលចូលរួមសមាជតាមអនឡាញ នៅទីក្រុង Florence ដែលរៀបចំឡើងដោយក្រុមស្តាំនិយមរបស់ប្រទេសអ៊ីតាលី គឺគណបក្សកំពុងរួមគ្រប់គ្រងប្រទេស League Party កាលពីចុងសប្តាហ៍។
ក្រុមហ៊ុន Tesla របស់លោក បានធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់ការលក់ប្រចាំត្រីមាស ចំពេលមានប្រតិកម្មប្រឆាំងនឹងការងាររបស់លោក Musk ជាមួយនឹង «ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល» ថ្មី៕