អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃអង្គារ (ទី៧ ខែមេសា) បាននិយាយថា ប្រទេសជាច្រើនទៀត នឹងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយបន្ទោសលោកខាងលិចថា បានជំរុញពិភពលោកឲ្យឆ្ពោះទៅរកមាត់ជ្រោះនៃការមានសង្គ្រាមលោកលើកទី៣ តាមរយៈការធ្វើសង្រ្គាមតំណាងប្រឆាំងនឹងរុស្ស៊ី នៅអ៊ុយក្រែន។
លោក Medvedev ដែលចាត់ទុកខ្លួនថា ជាអ្នកធ្វើទំនើបកម្មសេរីនិយម នៅពេលលោកបានកាន់តំណែងប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ឥឡូវនេះ បង្ហាញខ្លួនឯងថា ជាអ្នកឃោសនាឲ្យវិមានក្រឹមឡាំងប្រឆាំងលោកខាងលិច។ អ្នកការទូតជាច្រើន លើកឡើងថា ការកត់សម្គាល់របស់លោក បង្ហាញពីការគិតនៅក្នុងចំណោមឥស្សរជនជាន់ខ្ពស់របស់វិមានក្រឹមឡាំង។
នៅក្នុងការបង្ហោះ អំពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីអាមេរិក នាពេលនោះ គឺលោក Barack Obama នៅទីក្រុង Prague ប្រទេសឆេក កាលពីឆ្នាំ២០១០ លោក Medvedev បានរៀបរាប់ថា ហានិភ័យពីការកើតមានជម្លោះនុយក្លេអ៊ែរ គឺឈានដល់ដំណាក់កាលខ្ពស់បំផុតមិនធ្លាប់មាន។ សន្ធិសញ្ញានេះ នឹងផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២៦។
ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗរបស់មេដឹកនាំនៃប្រទេសបារាំង និងអង់គ្លេស អំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីរូបនេះ បានស្តីបន្ទោសមហាអំណាចអឺរ៉ុប ចំពោះអ្វីដែលលោកបាននិយាយថា ជាការគំរាមផ្នែកកម្លាំងយោធា ជាមួយនឹង «សមត្ថភាពយុទ្ធសាស្ត្រដែលមានទំហំតូច» របស់ពួកគេ ហើយបានបញ្ជាក់បន្ថែមថា ស្ថានភាពនេះ គឺពោរពេញដោយគ្រោះថ្នាក់៕