ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាល់ហ្សេរីកាលពីថ្ងៃចន្ទ បានប្រកាសបិទដែនអាកាសរបស់ខ្លួនសម្រាប់ឮយន្តហោះម៉ាលីទាំងអស់ ដោយលើកឡើងពីការបំពានម្តងហើយម្តងទៀតនៃអធិបតេយ្យភាពទឹកដីរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការបិទនេះអនុវត្តចំពោះជើងហោះហើរទាំងអស់ដែលចេញដំណើរពី ឬទៅកាន់ប្រទេសម៉ាលី។
នេះ គឺជាការកើនឡើងភាពតានតឹងរវាងប្រទេសអាល់ហ្សេរី និងម៉ាលី ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅពេលដែលប្រទេសម៉ាលី និងសម្ព័ន្ធមិត្តនីហ្សេរីយ៉ា និងប៊ូគីណាហ្វាសូ បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅអាល់ហ្សេរី ក្នុងការតវ៉ាប្រឆាំងនឹងការទម្លាក់យានដ្រូនយោធាម៉ាលី នៅចន្លោះថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ដោយកងកម្លាំងអាល់ហ្សេរី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋាភិបាលទាំងបី«បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឧប្បត្តិហេតុបាញ់ទម្លាក់យានដ្រូន ដោយនិយាយថា វាជាផ្នែកមួយនៃ «អំពើអរិភាពដែលបានគិតទុកជាមុន» ដោយអាល់ហ្សេរី និង «បានរំខានដល់ប្រតិបត្តិការដែលកំណត់គោលដៅទៅលើក្រុមដែលរៀបចំផែនការវាយប្រហារភេរវកម្ម»។