វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៨ ខែមេសា) នេះ បានលើកឡើងថា ប្រទេសរុស្ស៊ីបានគាំទ្រ ចំពោះការចរចាទាំងដោយផ្ទាល់ និងដោយប្រយោល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ខណៈផ្តល់ឱកាសឲ្យមានការសម្រាលតានតឹង រវាងភាគីទាំង២។
អំឡុងការផ្ដល់បទសម្ភាសន៍តាមទូរសព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកឡើងវិញនូវការគាំទ្ររបស់រុស្ស៊ី ចំពោះដំណោះស្រាយការទូត និងនយោបាយ។
លោក Peskov បាននិយាយថា៖ «យើងដឹងថា ការប្រាស្រ័យទាក់ទងជាក់លាក់ ដោយផ្ទាល់ និងដោយប្រយោល ត្រូវបានគ្រោងទុកធ្វើឡើងនៅក្នុងប្រទេសអូម៉ង់។ ហើយជាការពិតណាស់ ការធ្វើបែបនេះអាចជាជំហានវិជ្ជមាន ព្រោះវាអាចនឹងនាំឲ្យមានការបន្ថយភាពតានតឹង នៅជុំវិញអ៊ីរ៉ង់»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅប្រទេសអូម៉ង់ នាថ្ងៃទី១២ ខែមេសា។ តែយ៉ាងណាក្ដី ទម្រង់នៃការចរចា នៅតែមិនមានភាពច្បាស់លាស់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសទាំង២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ការពិភាក្សា នៅក្នុងប្រទេសអូម៉ង់ នឹងធ្វើឡើងដោយប្រយោល ហើយធ្វើឡើងតាមរយៈអ្នកសម្របសម្រួល៕