យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៨ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើង បានរំលោភលើបន្ទាត់កំណត់ព្រំដែនយោធា មុនពេលត្រឡប់មកវិញ។
នៅក្នុងសារមួយផ្ញើទៅកាន់អ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងថា៖ «យោធារបស់យើង បានផ្សព្វផ្សាយព្រមាន និងបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងប្រហែល ១០នាក់ បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា (MDL) នៅភាគខាងកើតនៃតំបន់គ្មានយោធា (DMZ) ប្រហែលម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក»។
JCS បានបន្ថែមថា៖ «យោធារបស់យើងកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់យោធាកូរ៉េខាងជើង និងចាត់វិធានការចាំបាច់ ស្របតាមនីតិវិធីប្រតិបត្តិការ»។
កាលពីថ្ងៃចន្ទ យោធាកូរ៉េខាងត្បូងបានប្រាប់ថា ពលរដ្ឋកូរ៉េខាងជើងប្រហែល ១.៥០០នាក់ កំពុងធ្វើការលើការងារដំឡើងលួសបន្លា និងការងារលើដី នៅក្នុងតំបន់គ្មានយោធា ខណៈដែលកូរ៉េខាងជើង កំពុងធ្វើសមយុទ្ធយោធា។
គួរបញ្ជាក់ថា ប្រទេសកូរ៉េទាំង២ នៅតែស្ថិតក្នុងសង្គ្រាមតាមលក្ខណៈបច្ចេកទេស បន្ទាប់ពីសង្រ្គាមឆ្នាំ ១៩៥០-៥៣ បានបញ្ចប់ ដែលជាការមានបទឈប់បាញ់ តែមិនមែនជាសន្ធិសញ្ញាសន្តិភាព៕