ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណា ឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។
ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៩ ថ្ងៃទី០៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុម ប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញពីការយកចិត្តទុកដាក់លើជនមានពិការភាព ជាពិសេសអនុញ្ញាតឱ្យបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។
ក្នុងសារលិខិតចុះថ្ងៃទី៣ ខែធ្នូនេះ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ជនមានពិការភាព ត្រូវ បានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២០ ជនមានពិការភាព បានចូលបម្រើការងារ ក្នុងក្រសួង ស្ថាប័នរដ្ឋ ចំនួន៣៧ មានជនមានពិការភាពចំនួនជាង៣ពាន់នាក់ បើគិតជាភាគរយ គឺ២ភាគរយ កើនលើសឆ្នាំមុន។
ដោយឡែកវិស័យឯកជន ដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច មានចំនួនជាង២០០ទីតាំង មានជនមាន ពិការភាពចូលបម្រើការងារ ចំនួនជាង៥០០០នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ទូទាំងប្រទេស មានចំនួនជនមានពិការភាព ជាង៨៧០០នាក់ កំពុងបម្រើការងារ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាល មានបេសកកម្មរួមមួយ គឺជំរុញការ ចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាល រួមទាំងជនមានពិការភាព ដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពដោយចីរភាព។
រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីព និងមុខរបរ ដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនជនមានពិការភាព។
ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំ ដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគទុនមួយដ៏មានសារៈប្រយោជន៍។
ក្រៅពីនេះការរៀបចំបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឧបករណ៍ផ្សេងៗការកែលម្អ មធ្យោបាយដឹកជញ្ជូន សាធារណៈ កែលម្អមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជាកាតព្វកិច្ច របស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវរួមគ្នាអនុវត្តឱ្យខាងតែបាន៕ អត្ថបទ៖ មុត សុទ្ធ

រូបភាព ៖ ឯកសារ