បើយោងតាមឯកសារដែលត្រូវបានត្រួតពិនិត្យដោយសារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋបាលរបស់លោក Donald Trump គ្រោងពិន័យជនអន្តោប្រវេសន៍ ក្រោមបទបញ្ជានិរទេសរហូតដល់ ៩៩៨ដុល្លារ ក្នុង ១ថ្ងៃ ប្រសិនបើពួកគេមិនចាកចេញពីសហរដ្ឋអាមេរិក ហើយរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ ប្រសិនបើពួកគេមិនបង់ប្រាក់។
ការពិន័យនេះ មានប្រភពពីច្បាប់ឆ្នាំ១៩៩៦ ដែលត្រូវបានអនុវត្តជាលើកដំបូង ក្នុងឆ្នាំ២០១៨ អំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Trump។ ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សាអំពីផែនការនេះមិនទាន់មានជាសាធារណៈ មន្ត្រីជាន់ខ្ពស់របស់លោក Trump បានបង្ហើបឲ្យដឹងថា រដ្ឋបាលលោក Trump គ្រោងនឹងអនុវត្តនីតិវិធីដែលមានប្រសិទ្ធភាពត្រលប់ក្រោយរហូតដល់ទៅ ៥ឆ្នាំ ពោលគឺជាអ្វីដែលអាចនាំឲ្យមានការផាកពិន័យបានទឹកប្រាក់ជាង ១លានដុល្លារ។
បើយោងតាមអ៊ីម៉ែលរបស់រដ្ឋាភិបាលដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋបាលលោក Trump ក៏កំពុងពិចារណារឹបអូសទ្រព្យសម្បត្តិរបស់ជនអន្តោប្រវេសន៍ដែលមិនបង់ការផាកពិន័យ។
ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) លោកស្រី Tricia McLaughlin បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ គួរតែប្រើកម្មវិធីទូរសព្ទដែលពីមុនគេស្គាល់ថា ជា CBP One ហើយប្តូរឈ្មោះជា CBP Home ក្រោមការដឹកនាំរបស់លោក Trump ដើម្បី «និរទេសខ្លួនឯង ហើយចាកចេញពីប្រទេសភ្លាមៗ»៕