អ្នកស្រី Fatma Khalafallah គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ពួកយើងសុំតែម្យ៉ាងគត់គឺសុវត្ថិភាព និងសន្តិភាពនៅតំបន់ហ្កាហ្សា ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងជួបគ្នានៅសេតវិមាន ។
អ្នកស្រី Khalafallah និយាយថា ពួកយើងសង្ឃឹមថា តាមបំណងព្រះ កិច្ចប្រជុំមួយនេះ នឹងទទួលបានលទ្ធផលសន្តិភាព ហើយនិងបញ្ចប់សង្រ្គាម ហើយប្រជាពលរដ្ឋនឹងអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងរស់នៅដោយសុវត្ថិភាព ។
អ្នកស្រីបន្តថា ការកាប់សម្លាប់កុមារ ការជម្លៀសខ្លួន ភាពក្រីក្រ ស្ថានភាពសេដ្ឋកិច្ច ការបិទច្រកព្រំដែន ទាំងអស់នេះសុទ្ធតែបានកើតឡើងចំពោះពួកយើង ។ ពួកយើងលែងអាចស៊ូទ្រាំបានទៀតហើយ ។ វាមានរយៈពេល ១ឆ្នាំកន្លះមកហើយដែលពួកយើងទទួលរងការឈឺចាប់ ជំងឺ ភាពអត់ឃ្លាន និងភាពទាល់ក្រ ។
លោក Netanyahu កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាលើពន្ធសហរដ្ឋអាមេរិកដាក់ដោយលោក Trump និងបញ្ហាជាច្រើនទៀត រួមទាំងបញ្ហានៅហ្កាហ្សាផងដែរ ។ លោកនឹងព្យាយាមស្វែងរកការកំណត់ពន្ធដាក់លើប្រទេសរបស់លោក ពេលលោកជួបលោក Trump ។
លោក Netanyahu បានក្លាយជាមេដឹកនាំបរទេសលើកដំបូងគេ បានជួបទល់មុខគ្នាជាមួយលោក Trumpចាប់តាំងពីលោកប្រកាសគោលនយោបាយដំឡើងពន្ធកាលពីថ្ងៃពុធសប្តាហ៍មុន ។
ក្រោមគោលនយោបាយថ្មីនេះ ទំនិញអ៊ីស្រាអែលប្រឈមនឹងការដំឡើងពន្ធ ១៧ភាគរយ ។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធជិតស្និតបំផុតរបស់អ៊ីស្រាអែល និងជាដៃគូពាណិជ្ជកម្មធំបំផុតតែមួយគត់របស់ពួកគេ ៕