ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចេះតែបន្តកើនឡើងឥតឈប់ឈរ ស្របពេលដែលក្រុមអាជ្ញាធរព្យាយាមជម្លៀសខ្លួនមនុស្សជាប់ក្នុងទឹកជំនន់ ។
ទឹកជំនន់កាលពីសប្តាហ៍កន្លងទៅបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានកាត់ផ្តាច់ការចូលដល់តំបន់ជាងពាក់កណ្តាលនៃរដ្ឋធានី Kinshasa ។ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នេះ បានកើនឡើងដល់ ៣៣នាក់ ខណៈក្រុមអាជ្ញាធរព្យាយាមជួយសង្រ្គោះគ្រួសារជាប់ខ្លួនតាមផ្ទះសម្បែងរបស់ពួកគេ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកុងហ្គោលោក Jacquemain Shabani បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ថា មនុស្ស ១០នាក់បន្ថែមទៀត ត្រូវបានគេបញ្ជាក់ថាបានស្លាប់ បន្ថែមពីលើចំនួនមនុស្សស្លាប់ ២៣នាក់កាលពីថ្ងៃមុន ។
ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បណ្តាលឲ្យទឹកទន្លេ Ndjili ហូរប្រៀបច្រាំង និងបានជន់លិចអគាររាប់ពាន់ខ្នង ។
ស្របពេលដែលស្ថានភាពល្អប្រសើរបន្តិចកាលពីថ្ងៃចន្ទ ផ្លូវមួយចំនួនបន្តបិទ ហើយការធ្វើចរាចរណ៍របស់រថយន្តមានដែនកំណត់ ។
ប្រជាពលរដ្ឋមួយចំនួន បានដាក់ការស្តីបន្ទោសលើរដ្ឋាភិបាលសម្រាប់ការដែលមិនឆ្លើយតបភ្លាមៗគ្រប់គ្រាន់ចំពោះគ្រោះមហន្តរាយធម្មជាតិមួយនេះ ៕