ក្រុមហ៊ុន Meta នៅថ្ងៃអង្គារ (ទី៨ ខែមេសា) នេះ បានប្រកាសថា ខ្លួនកំពុងពង្រីកការរឹតបន្តឹងលើគណនីរបស់ក្មេងជំទង់ទៅកាន់បណ្តាញសង្គម Facebook បន្ទាប់ពីថ្មីៗនេះ បានណែនាំវិធានការនេះ នៅលើ Instagram។
គណនីនេះត្រូវបានបង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៣ឆ្នាំ ទៅ ១៥ឆ្នាំនៃកម្មវិធីចែករំលែករូបថតដ៏ពេញនិយមរបស់ក្រុមហ៊ុន កាលពីខែកញ្ញា ឆ្នាំ២០២៤ ជាផ្នែកនៃចំណាត់ការ ដើម្បីការពារអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតមិនទាន់គ្រប់អាយុ ដែលងាយរងគ្រោះដោយសារផលប៉ះពាល់អវិជ្ជមានតាមអ៊ីនធឺណិត។
មនុស្សវ័យជំទង់ ត្រូវបានបញ្ចូលទៅក្នុងគណនីបែបនេះភ្លាមៗដោយស្វ័យប្រវត្តិ ដោយអ្នកដែលមានអាយុក្រោម ១៦ឆ្នាំមិនអាចផ្លាស់ប្តូរការកំណត់ដោយគ្មានការអនុញ្ញាតពីឪពុកម្ដាយនោះឡើយ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Meta បានឲ្យដឹងថា ខ្លួនកំពុងពង្រីកការរឹតបន្តឹង នៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីបញ្ឈប់មនុស្សវ័យជំទង់មិនឲ្យផ្សាយបន្តផ្ទាល់ ឬបិទការការពារ សម្រាប់រូបភាពដែលមិនចង់មើលឃើញ នៅក្នុងសារដោយផ្ទាល់ដោយខ្លួនឯង។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «គណនីក្មេងជំទង់ នៅលើបណ្ដាញសង្គម Facebook និងកម្មវិធីផ្ញើសារ Messenger នឹងផ្តល់នូវការការពារដោយស្វ័យប្រវត្តិស្រដៀងគ្នា ដើម្បីកំណត់មាតិកាមិនសមរម្យ និងការទំនាក់ទំនងដែលមិនចង់មើលឃើញ ក៏ដូចជាវិធីនានា ដែលធានាបានថា ពេលវេលារបស់ក្មេងជំទង់ត្រូវបានចំណាយយ៉ាងសមរម្យ»។
គណនីដំបូងនឹងមាននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា ហើយប្រទេសផ្សេងទៀត មានតាមក្រោយ។ យ៉ាងហោចណាស់មានក្មេងជំទង់ ៥៤លាននាក់ នាពេលបច្ចុប្បន្ន មានគណនីក្មេងជំទង់ ដែលកំណត់ការជូនដំណឹងពេលយប់ និងមានការរំលឹកឲ្យចាកចេញពីកម្មវិធី បន្ទាប់ពីបានប្រើប្រាស់រយៈពេលមួយម៉ោង៕