ក្រុមហ៊ុនជីវបច្ចេកវិទ្យា Colossal Biosciences របស់សហរដ្ឋអាមេរិក បានអះអាងថា ពួកគេបានបង្កើតសត្វចចក ដែលជាពពួកសត្វចចកបានផុតពូជអស់រយៈពេលជាង ១ម៉ឺនឆ្នាំមកហើយ តាមរយៈការក្លូនហ្សែនរបស់សត្វចចកប្រផេះសម័យថ្មី ដោយប្រើប្រាស់ DNA របស់សត្វចចករកឃើញនៅក្នុងហ្វូស៊ីល ។
ក្រុមហ៊ុន Colossal បានបញ្ចេញរូបភាពវីដេអូឃ្លីបកាលពីថ្ងៃចន្ទម្សិលមិញដែលពួកគេនិយាយថា វាគឺជាកូនសត្វចចក Romulus និង Remus ជិតពេញវ័យ ។
យោងតាមការអះអាងរបស់ក្រុមហ៊ុន Colossal បានឲ្យដឹងថា ហ្វូស៊ីលមួយចំនួនរបស់សត្វចចកដែលក្រុមរបស់ពួកគេប្រើប្រាស់សម្រាប់ទាញយក DNA រួមទាំងធ្មេញរបស់សត្វចចកអាយុកាល ១៣.០០០ឆ្នាំ និងឆ្អឹងត្រចៀករបស់សត្វចចកអាយុកាល ៧២.០០០ឆ្នាំ ។
ពួកគេបន្តថា កូនចចកញី Khaleesi គឺជាផ្នែកមួយនៃកូនចចកបង្កើតដោយជោគជ័យផងដែរ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយចំពោះអំណះអំណាងរបស់ក្រុមហ៊ុន Colossal ឬទីតាំង និងកាលបរិច្ឆេតរបស់រូបភាពវីដេអូឃ្លីប ។
លោក Corey Bradshaw គឺជាសាស្រ្តាចារ្យផ្នែកបរិស្ថានវិទ្យាសកលនៅសាកលវិទ្យាល័យ Flinders របស់អូស្រ្តាលី មានមន្ទិលសង្ស័យចំពោះអំណះអំណាងរបស់ក្រុមហ៊ុន Colossal និងការធ្វើឲ្យរស់រានឡើងវិញពពួកសត្វផុតពូជជាយូរលង់ណាស់មកហើយ ដូចជាចចកព្រៃមួយនេះ ។
លោក Bradshaw ពន្យល់ថា វាមិនអាចទៅរួចនោះទេក្នុងការក្លូនហ្សែនទាំងមូលរបស់សត្វដែលបានផុតពូជអស់រយៈពេលរាប់ម៉ឺនឆ្នាំមកហើយ ដោយសារកត្តាជាច្រើនដូចជាកត្តាខូច DNA ៕

