ភ្នំពេញ៖ កម្ពុជាបានគ្រប់គ្រង រក្សាសុវត្ថិភាពនៃជម្ងឺរាតត្បាត ដោយបានកាត់បន្ថយករណីឆ្លងជម្ងឺធ្ងន់ធ្ងរ និងកាត់បន្ថយអត្រានៃការស្លាប់ ដែលកម្ពុជារំពឹងថា នឹងទទួលបានការរស់នៅស៊ាំទៅក្នុងសហគមន៍នៅទូទាំងប្រទេស ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) តាមប្រព័ន្ធអន ឡាញ ពីទីក្រុង Vienna ប្រទេសអូទ្រីសនេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើការទប់ស្កាត់ និងជំរុញចាក់វ៉ាក់សំាងបង្ការជម្ងឺកូវីដ១៩នេះ ក្នុងនោះវិធានការជា យុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល បានគ្រប់គ្រងនៃការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកាត់បន្ថយករណីឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់។
ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននៃការចាក់វ៉ាក់សាំងកម្រិតខ្ពស់គួរឱ្យ កត់សម្គាល់ ក្នុងរង្វង់ប្រមាណ (៨៨.២៩% នៃចំនួនប្រជាជនសរុប គិតត្រឹមម្សិលមិញនេះ)។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបដល់អង្គវេទិកាថា ការឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាបានធ្លាក់ចុះជាលំដាប់ជាពិសេសក្នុងរយៈ ពេលមួយខែកន្លងមក បើផ្អែកលើមូលដ្ឋាននេះ កម្ពុជារំពឹងថា នឹងទទួលបានការរស់ភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេសក្នុងពេលឆាប់ៗ ដែលជាកម្លាំងចលករឆ្ពោះទៅរកការរស់នៅតាមគន្លងប្រក្រតីថ្មី នៃសកម្មភាពសេដ្ឋ កិច្ច-សង្គម។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចលុបចោលរាល់លក្ខខណ្ឌ ធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរនិងភ្ញៀវទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងហើយទាំងស្រុង ទាំងជនជាតិខ្មែរ និងជនបរទេស ព្រមទាំងប្រកាសឲ្យបើកដំណើរការសកម្មភាព អាជីវកម្មពេញលេញលើគ្រប់វិស័យផងដែរ ។
ទាក់ទងនឹងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម, ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ គឺបានដាក់ចេញនូវវិធានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបញ្ចេញសាច់ប្រាក់ដល់ជុំទី៩ សំដៅរក្សាស្ថិរភាពអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេស កម្មករ-និយោជិត គ្រួសារក្រីក្រ និងអ្នកដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ។
ក្នុងនោះ "ផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ឆ្នាំ២០២១-២០២៣" ក៏ត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងគោលដៅ នៃ "ការស្តារកំណើនសេដ្ឋកិច្ចឱ្យត្រលប់ទៅភាពដើមវិញ ប្រកបដោយនិរន្តរភាព, ភាពធន់ និងកំណើន សក្តានុពលប្រកបដោយបរិយាប័ន្ន" រួមជាមួយអាទិភាពមួយចំនួនទៀត ទាំងការអភិវឌ្ឍន៍ និងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់, ផែនការ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច សង្គមឌីជីថលនីយកម្ម, ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍធនធានមនុស្ស និងផលប៉ះពាល់ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុជាដើម៕ អត្ថបទ៖ សុន រ៉ាឌី