ព្រះសីហនុ៖ ចំណតកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ ដែលមានប្រវែង ៣៥០ម៉ែត្រនិងជម្រៅទឹក១៤,៥ ម៉ែត្រនឹងត្រូវសាងសង់ ឡើងក្នុងឆ្នាំ២០២២ ហើយនឹងដាក់ដំណើរការ រយៈពេល៣ឆ្នាំបន្ទាប់ ដែលនឹងអនុញ្ញាតនាវាដឹកទំនិញធំៗមកពីអាមេរិកនិងអឺរ៉ុបចូលចតបាន។
ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ផែនការសាងសង់ ចំណតកំពង់ផែស្វយ័តក្រុង ព្រះសីហនុក្នុងជំហានទី១ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥។
សម្រាប់ជំហានទី២ នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៨ និងជំហានទី៣ ក្នុងឆ្នាំ២០៣០ ដើម្បីឱ្យនាវាទៅ មកពីអាមេរិក និងអឺរ៉ុប ៨៥ភាគរយ ចូលចតបានមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី និងជំហានទី៣ អាចមានសមត្ថភាពចូលទៅអឺរ៉ុប និងអាមេរិកស្ទើរ ១០០ភាគរយ ។
ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានជាង ២៥៤ ពាន់លានរៀល ឬប្រមាណ៦២លានដុល្លារ កើនឡើងជិត៣០លានពាន់លាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតែជាង២២៧ ពាន់លានរៀល។
ចំណូលទាំងនោះបានមកពីការលើកដាក់នាវា ចំណូលលើកដាក់លើទីលាន, ចំណូលបានពីសេវាកំពង់ផែ, ចំណូល ពីការរក្សាទុកកុងតឺន័រ, ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស និងចំណូលផ្សេងៗ។
ឯកឧត្តម លូ គឹមឈន់ បានឱ្យដឹងថា នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះ កប៉ាល់ ប្រមាណ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ៕
អត្ថបទ៖ វណ្ណៈ


