ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃពុធ (០៩ មេសា) នេះថា ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងផលប៉ះពាល់ដោយសង្រ្គាមដ៏បង្ហូរឈាមនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

លោក Prabowo និយាយថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសរបស់លោកឱ្យពិភាក្សាយ៉ាងឆាប់រហ័សជាមួយភាគីប៉ាឡេស្ទីន និងភាគីផ្សេងទៀត អំពីមធ្យោបាយជម្លៀសប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់ ទៅកាន់ឥណ្ឌូនេស៊ី។

លោក Prabowo លើកឡើងថា "ឥណ្ឌូនេស៊ីត្រៀមជាស្រេចដើម្បីជម្លៀសអ្នករងរបួស អ្នករងគ្រោះ និងកុមារកំព្រាទាំងឡាយពីហ្កាហ្សា" ដោយបន្ថែមថា ជនរងគ្រោះទាំងនោះនឹងស្ថិតនៅក្នុងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន រហូតដល់ពួកគេជាសះស្បើយពីរបួស ហើយស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា មានសុវត្ថិភាពសម្រាប់ការត្រឡប់ទៅវិញរបស់ពួកគេ។

លោក Prabowo សង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាអ៊ិស្លាមភាគច្រើន ចង់បង្កើនតួនាទីរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅតំបន់ហ្កាហ្សា ខណៈទីក្រុងហ្សាការតា បាននិងកំពុងតស៊ូមតិក្នុងការរកដំណោះស្រាយរដ្ឋពីរដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមនោះ៕