ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (០៨ មេសា) បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសពន្ធ "ដ៏ធំ" លើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ។ ថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅឯគណៈកម្មាធិការសភាបក្សសាធារណៈរដ្ឋ លោក Trump បានលើកឡើងថា ការដំឡើងពន្ធនឹងជំរុញក្រុមហ៊ុនឱសថ ឱ្យផ្លាស់ទីប្រតិបត្តិការរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។

លោក Trump និយាយថា "អាមេរិកនឹងយកពន្ធដ៏ច្រើនលើឱសថ ហើយនៅពេលរឿងនេះកើតឡើង នោះក្រុមហ៊ុនផលិតថ្នាំពេទ្យនានានឹងត្រឡប់ទៅធ្វើប្រតិបត្តិការនៅទឹកដីអាមេរិកវិញយ៉ាងប្រញាប់ប្រញាល់ ព្រោះអាមេរិកជាទីផ្សារធំបំផុត" ដោយមិនបញ្ចាក់ច្បាស់នោះទេ។

លោកបន្តថា "ពន្ធឱសថដ៏ធំនេះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗ" ហើយលោកអះអាងថា វិធានការពន្ធខ្ពស់នឹងធ្វើឱ្យក្រុមហ៊ុនក្នុងវិស័យនេះផ្លាស់ប្ដូរទីតាំងផលិតពីប្រទេសនានា ជាពិសេសពីចិន ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ព្រោះថាផលិតផលរបស់ពួកគេត្រូវបានលក់ភាគច្រើននៅទីនោះ។

ជំហាននេះកើតឡើងស្របពេលដែលរដ្ឋបាលលោក Trump ត្រៀមនឹងដំឡើងពន្ធ ១០៤% លើទេសចិន នៅពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ឈានចូលថ្ងៃពុធ (០៩ មេសា) នេះ ដែលបង្កការភ័យខ្លាចកាន់តែខ្លាំងពីផលប៉ះពាល់នៃសង្រ្គាមពន្ធដែលមេដឹកនាំអាមេរិករូបនេះបានចាប់ផ្ដើម តាំងពីពេលដែលលោកកាន់តំណែងអាណត្តិទី២មក៕