ក្រសួងការបរទេសអាមេរិកបាននិយាយថា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ទី១០ខែមេសា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធ្វើឱ្យប្រតិបត្តិការស្ថានទូតវិលទៅរកសភាពធម្មតាឡើងវិញ រវាងប្រទេសទាំងពីរ។

សហរដ្ឋអាមេរិកបាននិយាយថា កិច្ចពិភាក្សា ដែលនឹងធ្វើឡើងនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងរដ្ឋធានីរបស់ប្រទេសទួរគី នឹងមិនរួមបញ្ចូលការពិភាក្សាណាមួយអំពីបញ្ហានយោបាយ ឬសន្តិសុខនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Tammy Bruce បាននិយាយថា បញ្ហាសង្រ្គាមអ៊ុយក្រែន មិនមែនជារបៀបវារៈនោះទេ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា គណៈប្រតិភូរុស្ស៊ីនឹងត្រូវដឹកនាំដោយឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីប្រចាំនៅសហរដ្ឋអាមេរិក លោក Alexander Darchiev និងក្រុមអាមេរិកដឹកនាំដោយឧបការីរងរដ្ឋមន្ត្រីការបរទេស លោកស្រី Sonata Coulter ។
ថ្លែងនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃអង្គារ លោកស្រី Bruce បាននិយាយថា ការចរចានឹងផ្តោតតែលើការប្រព្រឹត្តទៅនៃស្ថានទូតរៀងៗខ្លួន មិនមែនលើការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាឡើងវិញនោះទេ ។
លោកស្រីបាននិយាយថា ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរអាចកើតឡើងទៅបាន ដូចដែលយើងបានកត់សម្គាល់ រួចមកហើយថា លុះត្រាតែមានសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
កិច្ចពិភាក្សាថ្មីៗកាលពីខែកុម្ភៈ ផ្តោតសំខាន់លើលក្ខខណ្ឌសម្រាប់អ្នកការទូតរបស់ប្រទេសនីមួយៗ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បាននិយាយផងដែរថា ជុំទីពីរនៃកិច្ចចរចាប្រក្រតីភាពនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ៕