អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមាននៅថ្ងៃពុធ ទី៩ មេសា សប្ដាហ៍នេះ ថាសង្គ្រាមរបស់រុស្ស៊ីដែលកំពុងបន្តនៅអ៊ុយក្រែន អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខនៅក្នុងតំបន់អាស៊ី។

ថ្លែងនៅឯសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូ លោក Rutte បាននិយាយថា ជម្លោះ បានបង្ហាញពីទំនាក់ទំនងនៅក្នុងបរិស្ថានសន្តិសុខអឺរ៉ុប និងប៉ាស៊ីហ្វិក។

លោកបាននិយាយថា ប្រសិនបើយើងបណ្ដោយឱ្យលោក Putin ប្រើកម្លាំងដើម្បីសម្រេចបាននូវគោលបំណងរបស់លោក នោះយើងនឹងមិនអាចប៉ាន់ស្មានដឹងទេ ។ ថ្ងៃនេះ គឺអ៊ុយក្រែន ហើយអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក ។
ប្រធានសម្ព័ន្ធយោធាការណាតូរូបនេះ ក៏បានការពារការជំរុញដ៏យូរអង្វែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ផងដែរ ក្នុងការជំរុញសមាជិកណាតូឱ្យចំណាយសមាមាត្រកាន់តែច្រើននៃថវិកាជាតិរបស់ពួកគេលើវិស័យការពារជាតិ ដោយនិយាយថាវាជារឿង "សមហេតុផល" ដែលសម្ព័ន្ធមិត្តណាតូអឺរ៉ុប គួរតែត្រូវគ្នានឹងការចំណាយរបស់អាមេរិកជាភាគរយ៕