ពន្ធ "បដិការ" ដ៏ទូលំទូលាយ ឬហៅថា ការដំឡើងពន្ធឆ្លើយតបតម្រូវឱ្យត្រូវគ្នាទៅមក របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសរាប់សិប បានចូលជាធរមាននៅថ្ងៃពុធ ០៩ មេសា នេះ រួមទាំងពន្ធ ១០៤% ដ៏ធំធេងលើទំនិញរបស់ចិន ដោយធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែស៊ីជម្រៅ ទោះបីជាលោកបង្ហាញការបើកចំហសម្រាប់កិច្ចចរចាជាមួយប្រទេសមួយចំនួនលើរឿងពន្ធនេះក៏ដោយ។

ពន្ធដាក់ទណ្ឌកម្មរបស់លោក Trump នេះ បានធ្វើឱ្យរង្គោះរង្គើដល់សណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកលដែលបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ បង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច និងរុញច្រានឱ្យភាគហ៊ុនទូទាំងពិភពលោកបន្តធ្លាក់ចុះយ៉ាងខ្លាំង។

ភាគហ៊ុនរបស់សហរដ្ឋអាមេរិក បង្ហាញពីការខាតបង់ប្រាំថ្ងៃជាប់គ្នានៅផ្សារហ៊ុន Wall Street ហើយទីផ្សារនៅអឺរ៉ុប ក៏រញ្ជួយ ខណៈការលក់ហ៊ុនចេញយ៉ាងច្រើននៅទូទាំងទីផ្សារអាស៊ី បានបន្តឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីសម្រាកមួយរយៈ។

លោក Trump បានផ្តល់សញ្ញាមិនច្បាស់លាស់ដល់វិនិយោគិនអំពីថា តើពន្ធនឹងនៅតែមានក្នុងពេលយូរ ឬយ៉ាងណា ដោយពណ៌នាពន្ធថាជា "រឿងអចិន្ត្រៃយ៍" ប៉ុន្តែក៏បាននិយាយថា កំពុងដាក់សម្ពាធលើមេដឹកនាំផ្សេងទៀតឱ្យស្នើសុំការចរចា។ សេដ្ឋវិទូបានព្រមានច្បាស់ៗរួចហើយថា អ្នកប្រើប្រាស់នៅអាមេរិក ទំនងជាប្រឈមនឹងតម្លៃខ្ពស់លើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីស្បែកជើងប៉ាតា រហូតដល់ស្រាក្រហម ដោយសារសង្គ្រាមពាណិជ្ជកម្មដ៏ក្ដៅគគុកនេះ៕