បាល់ទាត់៖ អតីតខ្សែបម្រើអង់គ្លេស Michael Carrick បានប្រកាសចាកចេញពីក្លិបបិសាចក្រហម Manchester United ហើយក្រោយដឹកនាំក្រុមឈ្នះ Arsenal ៣-២ យប់មិញក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន។ Michael Carrick បានដឹកនាំក្រុមបីប្រកួតបន្ទាប់ពីការចាកចេញរបស់ Ole Gunnar Solskjaer។

ការសំរេចចិត្តចាកចេញនេះក៏ ស្របពេលដែលអ្នកចាត់បណ្ដោះអាសន្នថ្មីលោក Ralf Rangnick មកដល់ផងដែរ។ Michael Carrick ដែលធ្លាប់លើកពាន English Premier League ៥លើកក្នុងរយៈពេល ១២ឆ្នាំក្នុងនាមជាកីឡាករជាមួយ Manchester United នោះបានដឹកនាំក្រុមបីប្រកួតមិនចាញ់បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer កាលពីថ្ងៃទី២០ ខែវិច្ឆិកា។ បីប្រកួតក្នុងតំណែងរបស់ Carrick រួមមានយកឈ្នះនៅទឹកដី Villarreal កក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ស្មើនៅទឹកដី Chelsea ១-១ និងឈ្នះកាំភ្លើងធំ Arsenal ៣-២ យប់មិញ។ Michael Carrick ដែលធ្លាប់ជួយក្រុមឈ្នះជើងឯក UCL កាលពីឆ្នាំ២០០៨ នោះបានក្លាយជាគ្រូបង្វឹក Manchester United ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer៕
អត្ថបទ៖នាង សុភាវុធ