មន្ត្រីក្រុមហាម៉ាសបាននិយាយៅកាន់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារសប្តាហ៍នេះថា វា «ចាំបាច់ដើម្បីឈានដល់បទឈប់បាញ់» នៅតំបន់ហ្កាហ្សាស្ទ្រីប រយៈពេលបីសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែកលើដែនដីប៉ាឡេស្ទីន។

លោក Hossam Badran សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបាននិយាយថា «សង្រ្គាមនេះ មិនអាចបន្តដោយគ្មានកំណត់បានទេ ដូច្នេះហើយ វាចាំបាច់ដើម្បីឈានដល់បទឈប់បាញ់មួយ»។ លោកបាននិយាយបន្ថែមថា «ការប្រាស្រ័យទាក់ទងជាមួយក្រុមអ្នកសម្របសម្រួលនៅតែបន្ត» ប៉ុន្តែ «រហូតមកដល់ពេលនេះ ពុំមានសំណើថ្មីណាមួយនៅឡើយទេ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃមុនថា ការចរចាថ្មីកំពុងដំណើរការ ហើយមានគោលបំណងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរបន្ថែមទៀតពីការដាក់ឃុំឃាំងនៅក្នុងតំបន់ហ្កាហ្សា។
ក្នុងអំឡុងពេលស្ថិតនៅការិយាល័យ Oval Office នៅសេតវិមាន លោក Netanyahu បាននិយាយថា «ពេលនេះយើងកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលយើងសង្ឃឹមថានឹងទទួលបានជោគជ័យ ហើយយើងប្តេជ្ញាថានឹងនាំយកចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញ។ លោក Trump បាននិយាយថា «យើងកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់» ហើយ យើងកំពុងសម្លឹងមើលបទឈប់បាញ់មួយផ្សេងទៀត។
លោក Badran បានប្រាប់សារព័ត៌មាន AFP ថា ក្រុមហាម៉ាស «បើកចំហចំពោះគំនិតទាំងអស់ ដែលនឹងឈានទៅរកបទឈប់បាញ់ និងបញ្ឈប់អំពើប្រល័យពូជសាសន៍ ដែលត្រូវបានអនុម័តប្រឆាំងប្រជាជនប៉ាឡេស្ទីនរបស់យើង»។