ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី៨ មេសា សម្រាប់ដំណើរទស្សនកិច្ចផ្លូវការក្នុងគោលបំណងរៀបចំផែនការនៃដំណើរទស្សនកិច្ចដែលត្រូវបានរំពឹងទុករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ព្រះរាជាណាចក្រមួយនេះ។

ប្រភពព័ត៌មាននិយាយថា ព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud ក៏នឹងពិភាក្សាអំពីតំបន់ហ្កាហ្សា និងស្ថានភាពរបស់ក្រុមហ៊ួទី នៅប្រទេសយេម៉ែន ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ប្រភពបាននិយាយបន្ថែមថា ដំណើរទស្សនកិច្ចនេះ ត្រូវបានកំណត់នៅពេលមុនការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ ការវាយលុកជុំវិញការដំឡើងពន្ធរបស់លោក Trump បានធ្វើឱ្យទីផ្សារមានភាពច្របូកច្របល់ និងបង្កើនការព្រួយបារម្ភនៃវិបត្តិសេដ្ឋកិច្ចសកល ដែលអាចជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ ខណៈជាការនាំចេញដ៏សំខាន់នៃប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Trump គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅដើមខែឧសភា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ជាអ្វីដែលនឹងជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងក្នុងអាណត្តិទីពីររបស់លោក។