កូរ៉េខាងត្បូង នៅថ្ងៃពុធ (០៩ មេសា) នេះ បានប្រកាសវិធានការគាំទ្រគ្រាអាសន្នសម្រាប់វិស័យរថយន្តរបស់ខ្លួន ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅលើវិស័យរបស់កូរ៉េខាងត្បូងមួយនេះ ដែលបានមើលឃើញការនាំចេញកើនឡើងយ៉ាងខ្លាំងជាច្រើនឆ្នាំទៅកាន់សហរដ្ឋអាមេរិក។

វិធានការតម្លៃប្រមាណ ២ពាន់លានដុល្លារទាំងនោះរួមមាន ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មរថយន្ត ក៏ដូចជាការកាត់បន្ថយពន្ធក្នុងស្រុក និងការឧបត្ថម្ភធន ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈរដ្ឋាភិបាលក៏បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក និងជួយពង្រីកទីផ្សារ។

គួរឱ្យដឹងថា លោក Trump បានប្រកាសដំឡើងពន្ធ ២៥% លើរថយន្តនាំចូល និងរថយន្តធុនស្រាល ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ក្រុមហ៊ុនផលិតត្រូវបានគេរំពឹងថានឹងទទួលបន្ទុកពន្ធគយមួយចំនួនក្នុងឆ្នាំដំបូង ប៉ុន្តែនៅទីបំផុត នឹងផ្លាស់ប្តូរផលិតកម្មខ្លួន ហើយអាចនឹងបញ្ឈប់ការនាំចូលម៉ូដែលបរិមាណទាបមួយចំនួនទៅក្នុងទីផ្សារអាមេរិក។

រដ្ឋាភិបាលទីក្រុងសេអ៊ូលនិយាយថា ពន្ធនឹងបណ្តាលឱ្យមានការខូចខាត "យ៉ាងខ្លាំង" ដល់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត ប៉ុន្តែពិបាកប៉ាន់ស្មានជាតួលេខនៅពេលនេះណាស់ ហើយសង្ឃឹមថា វិធានការបន្ទាន់នឹងអាចជួយសម្រាលបន្ទុកវិស័យយានយន្តបាន។ ឧស្សាហកម្មរថយន្តស្វាគមន៍ផែនការគាំទ្រនេះ ប៉ុន្តែបាននិយាយថា ការពិភាក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីជំរុញតម្រូវការក្នុងស្រុក៕