ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តភាគច្រើនដែលមានរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក បាននិយាយថា ពួកគេគ្មានផែនការផ្លាស់ប្តូររោងចក្ររបស់ខ្លួនទេ បន្ទាប់ពីការដំឡើងពន្ធរបស់លោក Trump។

លោកស្រី Sheinbaum និយាយថា «ខ្ញុំបាននិយាយដោយផ្ទាល់ជាមួយនាយកប្រតិបត្តិជាច្រើននាក់ និងអ្នកគ្រប់គ្រងសកលនៃក្រុមហ៊ុនរថយន្តមួយចំនួន ដើម្បីស្វែងយល់ពីអ្វីដែលពួកគេកំពុងគិតអំពីអនាគត ដែលពួកគេភាគច្រើនបានប្រាប់យើងថា ពួកគេគ្មានគម្រោងផ្លាស់ប្តូរអ្វីនៅពេលនេះទេ» ។

ប្រទេសម៉ិកស៊ិក ដែលដឹកជញ្ជូនការនាំចេញជិត៨០%របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ពុំត្រូវបានបញ្ចូលក្នុងបញ្ជីដំឡើងពន្ធសកល ដែលត្រូវបានប្រកាសលើប្រទេសនានា កាលពីសប្តាហ៍មុននោះទេ។ ប៉ុន្តែប្រទេសម៉ិកស៊ិក នៅតែជាគោលដៅរបស់ លោក Trump ដែលបានដាក់បន្ថែមពន្ធកាលពីពេលមុន ២៥% លើដែកថែប អាលុយមីញ៉ូម និងរថយន្ត ព្រមទាំងលើទំនិញដែលមិនគោរពតាមកតិកាសញ្ញាពាណិជ្ជកម្ម USMCA ក្នុងតំបន់។
លោកស្រី Sheinbaum បាននិយាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក Marcelo Ebrard នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការដំឡើងពន្ធ។