ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារ អាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៣០៥ លានដុល្លារអាម៉េរិក បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីការចុះបញ្ជីវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានចំនួន ១៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួនប្រមាណជិត ១២ ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៩៩ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៧៣ គម្រោង។
ជារួម, ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគបានកើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែ មីនា វិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០ គម្រោង ក្នុងទុនវិនិយោគ ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន២គម្រោង។
សូមបញ្ជាក់ថា ចំណែកប្រភពទុនដែលវិនិយោគច្រើនជាងគេ ក្នុងត្រីមាសទី១ឆ្នាំ២០២៥ រួមមាន៖ វិនិយោគិនចិន មានជាង ៥៦%, វិនិយោគិនកម្ពុជា មានចំនួនជាង ៣៤%, សឹង្ហបុរី ជិត ៣%, កោះ British Virgin ជាង ២%, វៀតណាម ១,៦៥%, កោះ Cayman ០,៩៨%, អង់គ្លេស ០,៥៥%, កោះ Samoa ០,២១%, សហរដ្ឋអាមេរិក ០,១៨% និងប្រទេសកាណាដា មានចំនួន ០,១៥%៕ អត្ថបទ៖ សុន រ៉ាឌី



