ពួកគេបាននិយាយកាលពីថ្ងៃអង្គារថា កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពល នៅក្នុងប្រទេសអ៊ី រ៉ាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទម្លាក់អាវុធ ដើម្បីបញ្ចៀសការគំរាមកំហែងនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។

ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីមានការព្រមានជាឯកជនម្តងហើយម្តងទៀតដោយមន្ត្រីអាមេរិក ទៅកាន់រដ្ឋាភិបាលអ៊ីរ៉ាក់ ចាប់តាំងពីលោក ដូណាល់ ត្រាំ ( Donald Trump) បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅក្នុងខែមករា។

ពួកគេបានប្រាប់ទីក្រុងបាកដាដថា ប្រសិនបើទីក្រុងនេះ មិនចាត់វិធានការ ដើម្បីរំសាយចោលក្រុមជីវពល នៅលើដីរបស់ខ្លួនទេ អាមេរិកអាចវាយប្រហារលើក្រុមទាំងនោះ។
មេបញ្ជាការម្នាក់របស់ក្រុមហេសបូឡា Kata'ib ដែលជាកងជីវពលដ៏មានឥទ្ធិពលបំផុត បាននិយាយថា «លោក ត្រាម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសង្គ្រាមជាមួយយើង ឲ្យកាន់តែអាក្រក់ឡើងៗ យើងដឹងហើយ យើងចង់ជៀសវាងនូវសេណារីយោអាក្រក់បែបនេះ»។
អ្នកផ្សេងទៀតដែលបានផ្តល់ការដាក់អាវុធរបស់ពួកគេគឺ ក្រុម Nujaba, Kata'ib Sayyed Al-Shuhada និង Ansarullah Al-Awfiyaa ។
មេដឹកនាំកងជីវពល បាននិយាយថា សម្ព័ន្ធមិត្ត និងអ្នកឧបត្ថម្ភចម្បងរបស់ពួកគេ គឺកងឆ្មាំបដិវត្តន៍ឥស្លាមនៅអ៊ីរ៉ង់ បានប្រាប់ពួកគេឲ្យធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេគិតថា ចាំបាច់ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងជម្លោះដែលអាចបំផ្លាញ ជាមួយសហរដ្ឋអាមេរិក។