គ្រួសារជនជាតិអាមេរិករបស់ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ទៅលើប្រទេសអ៊ីស្រាអែល បានដាក់ពាក្យប្តឹងកាលពីថ្ងៃចន្ទប្រឆាំងនឹងអ្នកជំនួញជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនដ៏លេចធ្លោម្នាក់ គឺលោក Bashar Masri ដោយចោទប្រកាន់ថា លោកបានផ្តល់ជំនួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាស អាចធ្វើការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេ។

ពាក្យបណ្តឹង ដែលដាក់នៅតុលាការសហព័ន្ធអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេគិតថា ជាករណីដំបូងរបស់ពលរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការវាយប្រហារដែលបង្កឲ្យមានជម្លោះមជ្ឈិមបូព៌ា កាន់តែធំឡើង និងធ្វើឲ្យតំបន់នេះ កាន់តែតានតឹង។
ការិយាល័យរបស់លោក Masri បានហៅបណ្តឹងនេះថា «គ្មានមូលដ្ឋាន»។

យោងតាមសេចក្តីថ្លែងការណ៍ដែលប្រកាសអំពីបណ្តឹងនេះ បានឲ្យដឹងថា អចលនទ្រព្យដែលលោក Masri មាន អភិវឌ្ឍន៍ និងគ្រប់គ្រង រួមទាំងសណ្ឋាគារប្រណីតចំនួនពីរ និងតំបន់ឧស្សាហកម្មឈានមុខគេ នៅតំបន់ហ្កាហ្សា - តំបន់ឧស្សាហកម្មហ្គាហ្សា ផ្លូវរូងក្រោមដីសម្ងាត់ដែលបានលាក់នៅក្រោមពួកវា និងមានផ្លូវរូងក្រោមដីដែលអាចចេញចូលបានពីខាងក្នុងអគារទាំងនេះ ដែលក្រុមហាម៉ាសបានប្រើក្នុងប្រតិបត្តិការភេរវកម្ម មុន និងក្រោយថ្ងៃទី ០៧ ខែតុលា។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ចុងចោទបានជួយសម្រួលដល់ការសាងសង់ និងការលាក់បាំងផ្លូវរូងក្រោមដីទាំងនោះ ហើយថែមទាំងបានសាងសង់ការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យពីលើដី ដែលនៅពេលនោះ ពួកគេប្រើដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ក្រុមហាម៉ាស ទៅកាន់ផ្លូវរូងក្រោមដី»។ ការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ រួមទាំងជនជាតិអាមេរិកជាង ៤០នាក់ និងបានជំរុញឲ្យមានការសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥០.000នាក់។