ទស្សនាវដ្ដីហិរញ្ញវត្ថុ The Economist របស់អង់គ្លេស រាយការណ៍ថា ប្រទេសចិន មានទំនុកចិត្តខ្ពស់ថាខ្លួននឹងអាចយកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ក្ដៅគគុក ដែលចាប់ផ្តើមដោយលោកប្រធានាធិបតីអាមេរិក Donald Trump ខណៈពន្ធសងសឹក ៣៤% របស់ចិនលើទំនិញអាមេរិក ត្រៀមចូលជាធរមាននៅម៉ោងក្នុងស្រុក ១២:០១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០ មេសា ស្អែកនេះ។
សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយមន្ត្រីចិនប្តេជ្ញាថានឹង “តតាំងដល់ទីបញ្ចប់” បន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធបន្ថែម ៥០% ដែលចូលជាធរមានរួចទៅហើយនៅថ្ងៃពុធ ០៩ មេសា ដោយនាំឱ្យពន្ធសរុបរបស់អាមេរិក លើទំនិញចិន កើនដល់ ១០៤%។

ទស្សនាវដ្ដីនេះនិយាយថា ចេតនារយៈពេលវែងរបស់លោក Trump នៅតែពិបាកយល់ ប៉ុន្តែបច្ចុប្បន្ន លោកមិនសូវចាប់អារម្មណ៍លើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងទេ ដោយលោកបាននិយាយថា ប្រសិនបើចិន មិនលុបចោលពន្ធសងសឹកលើទំនិញអាមេរិកទេ នោះអាមេរិកនឹងបញ្ឈប់កិច្ចចរចាណាមួយ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងឆ្លើយតបវិញថា នេះគឺជាកំហុសជាន់លើកំហុស ហើយវោហាសាស្ត្រតឹងតែងបែបនេះពីចិន ហាក់ដូចជាធ្វើឱ្យកិច្ចសន្ទនារវាងប្រទេសទាំងពីរមិនអាចទៅរួច។
ហេតុផលមួយសម្រាប់រឿងនេះ គឺដោយសារទីក្រុងប៉េកាំង ជឿថាខ្លួនអាចឈ្នះសង្រ្គាមពាណិជ្ជកម្មបាន។ The Economist សង្កត់ធ្ងន់ថា ក្នុងចំណោមវិធានការតបត ដែលក្រុងប៉េកាំងកំពុងពិចារណានោះ គឺលទ្ធភាពនៃការបញ្ចប់កិច្ចសហប្រតិបត្តិការទាំងស្រុងជាមួយអាមេរិក លើសារធាតុហ្វង់តានីល។
រឿងដែលអាចទៅរួចមួយទៀតគឺហាមឃាត់ការនាំចូលសាច់មាន់អាមេរិក និងផលិតផលកសិកម្មផ្សេងទៀត។ ចិនក៏អាចដាក់កំហិតលើសេវាកម្មរបស់អាមេរិក ដែលក្នុងនោះទីក្រុងវ៉ាសីនតោន នៅតែមានអតិរេកពាណិជ្ជកម្ម។ លើសពីនេះទៅទៀត ទីក្រុងប៉េកាំងក៏អាចចាប់ផ្តើមត្រួតពិនិត្យកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិក ដែលប្រតិបត្តិការនៅក្នុងទឹកដីចិន ក្នុងចំណោមវិធីសាស្រ្តជាច្រើនទៀតផងដែរ៕

