ប៉ុន្មានថ្ងៃក្រោយលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងអាណត្តិទីពីរ អ្នកដំណើរជាច្រើនមកពីទូទាំងពិភពលោកដែលចូលទៅកាន់អាមេរិក តាមព្រំដែនដីគោក និងអាកាស បានជួបប្រទះភាពស្មុគស្មាញជាច្រើន រួមទាំងការឃាត់ខ្លួនជាច្រើនថ្ងៃ ដោយមន្រ្តីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិក បន្ទាប់ពីបញ្ហាការិយាធិបតេយ្យលើទិដ្ឋាការ និងឯកសារនានា។ បញ្ហាទាំងនេះបានធ្វើឱ្យអ្នកដំណើរជាច្រើនកំពុងតែគិតឡើងវិញយ៉ាងស្ទាក់ស្ទើ លើផែនការដំណើរកម្សាន្តរបស់ពួកគេ ដោយខ្លាចថាជួបនឹងរឿងមិនស្រួលចិត្តទាំងនេះ។

អ្នកការទូតនៅបរទេសនិយាយថា ភាពរញ៉េរញ៉ៃនៅតាមព្រំដែនអាមេរិក ជាពិសេសការមិនស្របគ្នាលើការងារឯកសារនេះ មិនមែនជារឿងចម្លែកទេ ប៉ុន្តែភាពហួសហេតុ និងការឃាត់ខ្លួនអ្នកដំណើរក្នុងពេលខ្លី ចាប់តាំងពីលោក Trump ត្រឡប់ទៅកាន់តំណែងនៅទីក្រុងវ៉ាស៊ីនតោនវិញ គឺជារឿងចម្លែកណាស់។
ទីភ្នាក់ងារគយ និងការការពារព្រំដែនអាមេរិក និយាយថា ការកាត់បន្ថយការឆ្លងដែនខុសច្បាប់ បានធ្វើឱ្យមន្ត្រីអនុវត្តច្បាប់របស់ខ្លួន "ពិនិត្យអ្នកចេញចូលកាន់តែតឹងរឹង" នៅព្រំដែន ប៉ុន្តែអ្នកដំណើរស្របច្បាប់ មិនមានអ្វីត្រូវភ័យខ្លាចពីវិធានការទាំងនេះទេ។
ការត្រួតពិនិត្យកាន់តែខ្លាំងមានន័យថា អ្នកទេសចរប្រចាំថ្ងៃ អ្នកចូលរួមសន្និសីទ និងអ្នកធ្វើដំណើរអាជីវកម្ម រួមទាំងអ្នកជិតខាងពីសម្ព័ន្ធមិត្តអាមេរិក កំពុងស្ថិតក្នុងស្ថានភាពយឺតយ៉ាវលើការធ្វើដំណើរដ៏គួរឱ្យធុញទ្រាន់។ ខណៈដែលរឿងរ៉ាវមិនល្អនៅតាមព្រំដែនត្រូវរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក អាមេរិកមើលឃើញសញ្ញាដំបូងនៃការធ្លាក់ចុះតួលេខភ្ញៀវអន្តរជាតិទៅកាន់ប្រទេសរបស់ខ្លួន ដោយសារតែរឿងមិនគួរកើតឡើងទាំងនេះ៕

