ប្រទេសចិននឹងដាក់ពន្ធបន្ថែម ៣៤ភាគរយលើផលិតផលទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិក ចាប់ពីម៉ោង ១២:០១នាទី ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងប៉េកាំង)។
យោងតាមគណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋដែលបានប្រកាសពីវិធានការពន្ធតបត កាលពីថ្ងៃទី៤ ខែមេសា បានឲ្យដឹងថា ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ «ពន្ធបដិការ» លើការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក មិនអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន ហើយតំណាងឲ្យសកម្មភាពនៃការគំរាមកំហែងជាឯកតោភាគី។
បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធនាំចូល ៣៤ភាគរយ រដ្ឋបាលរបស់លោក Donald Trump បានគំរាមដាក់ពន្ធបន្ថែម ៥០ភាគរយលើទំនិញចិន កាលថ្ងៃចន្ទ។ វិធានាការដែលត្រូវបានស្នើឡើង នឹងធ្វើឲ្យអត្រាពន្ធសរុបលើការនាំចូលពីប្រទេសចិនឡើងដល់ ១០៤ភាគរយ។
ក្នុងពេលមានការប្រឆាំងរីករាលដាលគ្រប់ទីកន្លែង ប្រធានាធិបតីអាមេរិក លោក Trump កាលពីថ្ងៃទី២ ខែមេសា បានចុះហត្ថលេខាលើក្រឹត្យមួយ ជាបទបញ្ជាដែលគេហៅថា «ពន្ធបដិការ» ដោយដាក់កម្រិត ១០ភាគរយជា «ពន្ធមូលដ្ឋានអប្បបរមា» និងអត្រាពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មមួយចំនួន។
កម្រិតមូលដ្ឋាន ១០ភាគរយ ត្រូវបានអនុវត្តរួចហើយគិតត្រឹមថ្ងៃសៅរ៍។ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ អត្រាពន្ធនាំចូលបន្ថែមដែលត្រូវបានដាក់ចេញ នឹងចូលជាធរមានសម្រាប់ប្រទេស និងដែនដីរាប់សិប៕