ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ បានលើកឡើងថា ការអនុវត្តទាំងស្រុងនូវវិធានការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី ប្រហែល ១ភាគ៣នៃកំណើន ក្នុងឆ្នាំនេះ និងស្ទើរតែ ១ភាគរយ ក្នុងឆ្នាំ២០២៦។
នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួន ADB បានព្យាករថា កំណើនសេដ្ឋកិច្ច នៅក្នុងបណ្ដាប្រទេសតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ នឹងថយចុះបន្តិចមកត្រឹម ៤,៩ភាគរយ នៅឆ្នាំ២០២៥ នេះ ដែលជាកំណើនក្នុងល្បឿនដ៏យឺតបំផុត គិតចាប់តាំងពីឆ្នាំ២០២២ ហើយធ្លាក់ចុះបន្ថែមទៀតដល់កម្រិត ៤,៧ភាគរយ នៅឆ្នាំ២០២៦ ពោលគឺចុះពី ៥,០ភាគរយ នៅឆ្នាំ២០២៤។
ADB បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ សម្រាប់ការចេញផ្សាយរបាយការណ៍នេះថា ការព្យាករត្រូវបានបញ្ចប់ នៅមុនពេលដែលសហរដ្ឋអាមេរិក បានប្រកាសការដំឡើងពន្ធនាំចូលថ្មីយ៉ាងទូលំទូលាយ កាលពីសប្ដាហ៍មុន។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា៖ «បញ្ហាដ៏ធំ និងជាក់ស្ដែងបំផុត គឺច្បាស់លាស់ណាស់ថា តើវិធានការពន្ធរបស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្តយ៉ាងទាំងស្រុងដែរ ឬយ៉ាងណា ជាចំណាត់ការដែលនឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចទាប នៅក្នុងការព្យាករមូលដ្ឋានរបស់យើង»។
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី តាមការកំណត់ដោយ ADB មានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤៦ ដែលលាតសន្ធឹងចាប់ពីប្រទេសហ្សកហ្ស៊ី ដល់ Samoa ហើយមិនរាប់បញ្ចូលប្រទេសដូចជា ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់នោះឡើយ។ ការព្យាករមូលដ្ឋានក្នុងកម្រិតទាបនេះ បានឆ្លុះបញ្ចាំងរួចហើយពីការធ្លាក់ចុះកំណើនតាមការរំពឹងទុក នៅក្នុងប្រទេសចិន ដោយការព្យាករកំណើន គឺ ៤,៧ភាគរយ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៥,០ភាគរយ នៅឆ្នាំ២០២៤ និងធ្លាក់ចុះបន្ថែមទៀតដល់ ៤,៣ភាគរយ នៅឆ្នាំ២០២៦។
គួររំលឹកថា តំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានអត្ថប្រយោជន៍ពីការបង្វែរពាណិជ្ជកម្ម អំឡុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ក្នុងឆ្នាំ២០១៨ ត្រូវបានគេរំពឹងថា នឹងបាត់បង់សន្ទុះកំណើន នៅក្នុងតំបន់តូចៗមួយចំនួនដែលនឹងមានកំណើន ៤,៧ភាគរយ នៅឆ្នាំនេះ ហើយបន្ទាប់មក ធ្លាក់ចុះបន្តិចថែមទៀតពីកម្រិត ៤,៨ភាគរយ ក្នុងឆ្នាំ២០២៤៕