ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ប្រារព្ធពិធីសូត្រមន្ត រាប់បាតដល់ព្រះសង្ឃតាមបែបព្រះពុទ្ធសាសនា អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខសិរីសួស្តីទេវតាឆ្នាំថ្មី។
នៅមុនរៀបចំពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩សូមឲ្យទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យជូនដល់ពួកគេ និងទឹកដីនៃព្រះរាជាណាចកម្ពុជារួមទាំងពលរដ្ឋខ្មែរទំាងអស់ សូមបានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕





