ទូរទស្សន៍ NBC បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអឺរ៉ុបថា ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាដកទ័ព រហូតដល់ ១០.០០០ នាក់ ចេញពីអឺរ៉ុបខាងកើត។
យោងតាមប៉ុស្តិ៍ទូរទស្សន៍នេះ ទាហានដែលអាចនឹងត្រឡប់ទៅផ្ទះវិញ គឺជាផ្នែកមួយនៃទាហានជាង ២០.000នាក់ ដែលត្រូវបានបញ្ជូនដោយរដ្ឋបាលអាមេរិកមុន ទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។ ដូច្នេះហើយស្ទើរតែពាក់កណ្តាលនៃទាហានអាមេរិកបច្ចុប្បន្ន ដែលដាក់ពង្រាយនៅអឺរ៉ុបខាងកើត អាចនឹងត្រូវដកចេញទៅវិញ ទោះបីជាគំនិតផ្តួចផ្តើមនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សាក៏ដោយ។
ទូរទស្សន៍ NBC បានចង្អុលបង្ហាញថា គំនិតផ្តួចផ្តើមនេះ បង្កើនការព្រួយបារម្ភរបស់លោកខាងលិចទាក់ទងនឹងការពង្រឹងជំហររបស់ខ្លួន នៅក្នុងតំបន់។ មន្ត្រីអឺរ៉ុប បាននិយាយថា ចំណាត់ការបែបនេះរបស់មន្ទីរបញ្ចកោណ នឹងគ្រាន់តែបង្កើនការព្រួយបារម្ភរបស់អឺរ៉ុបដែលថា សហរដ្ឋអាមេរិក កំពុងបោះបង់ចោលសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន។